ព័ត៌មានជាតិ

មន្ត្រីទូតជាស្ត្រី មានបន្ទុកធ្ងន់ជាងបុរស ម្ខាងធ្វើកិច្ចការផ្ទះ មើលថែកូន និងម្ខាងទៀតបំពេញ កិច្ចការជូនក្រសួង

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានលើកឡើងថា មន្ត្រីការទូតជាស្ត្រី ភាគច្រើនមានបន្ទុកធ្ងន់ជាងបុរស ដែលម្ខាងត្រូវធ្វើកិច្ចការផ្ទះ មើលថែរក្សាកូន និងម្ខាងទៀតត្រូវបំពេញកិច្ចការជូនក្រសួង ឲ្យមានប្រសិទ្ធភាព ។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា នៅថ្ងៃទី៣ មីនានេះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្រសួងការបរទេស តែងតែបានយកចិត្តទុកដាក់ លើកទឹកចិត្ត ក៏ដូចជាផ្តល់តម្លៃស្មើភាពដូចបុរស ស្របតាមសមត្ថភាព អតីតភាព និងគុណវុឌ្ឍិ៍ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង រួមទាំងការចាត់តាំងឲ្យ ទៅបំពេញការងារនៅក្រៅប្រទេសដល់ស្រ្តីផ្នែកទូត។

លោកគូសបញ្ជាក់ថា គិតមកទល់នឹងពេលនេះ មានមន្ត្រីការទូតជាស្រ្តីចំនួន ២៨៨នាក់ ស្មើនឹង ៣៨,៦៥% នៃមន្រ្តីសរុបចំនួន ៧៤៥នាក់។ តួលេខនេះ គឺជាសូចនាករបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការជំរុញការលើកកម្ពស់សមភាពយេនឌ័រ។

លោកឧបនាយករដ្ឋមន្ត្រី ថ្លែងថា «អ្នកទាំងអស់គ្នាសុទ្ធតែដឹងហើយថា មន្ត្រីការទូតជាស្ត្រីភាគច្រើនមានបន្ទុកធ្ងន់ជាងបុរស ដែលម្ខាងត្រូវធ្វើកិច្ចការផ្ទះ មើលថែរក្សាកូន ម្ខាងទៀតត្រូវបំពេញកិច្ចការជូនក្រសួងឲ្យមានប្រសិទ្ធភាព និងជាពិសេស ដើម្បីសម្រេចបំណងក្លាយជាមន្ត្រីការទូតដ៏ល្អ និងប្រកបដោយជោគជ័យ។ កន្លងមក ក្រសួងការបរទេស បានលើកទឹកចិត្តដល់មន្ត្រីការទូតជាស្វាមី និងភរិយាមួយចំនួន ឲ្យទៅបំពេញបេសកកម្មការទូត នៅក្នុងប្រទេសតែមួយ ដើម្បីអាចរក្សាគ្រួសារឲ្យបានជុំគ្នាផងដែរ តាមតែអាចធ្វើទៅបាន» ។

ឆ្លៀតឱកាសនោះ លោក ប្រាក់ សុខុន លើកឡើងថា ការរីកចម្រើនយ៉ាងឆាប់រហ័ស របស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន បានធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ ប្រជាជនទូទាំងសកលលោក មានការផ្លាស់ប្ដូរយ៉ាងគំហុក ដែលប្រទេសជាច្រើនបានប្រើប្រាស់ បច្ចេកវិទ្យានេះយ៉ាងទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ ស្របតាមនិន្នាការពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពន្លឿន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពរបស់កម្ពុជា ៕

To Top