ព័ត៌មានជាតិ

លោក ប្រាក់ សុខុន៖ ការចូលរួមរបស់ស្រ្តី ក្នុងយុគសម័យឌីជីថល ពិតជាមានសារៈសំខាន់ រួមចំណែកថែរក្សាសន្តិភាព

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចូលរួមរបស់ស្រ្តី ក្នុងយុគសម័យឌីជីថល ពិតជាមានសារៈសំខាន់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ ខែមីនា នាថ្ងៃទី៣ មីនានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខ លើកឡើងថា ធ្លាប់មានការដំណាលជារឿយៗថា អ្នកដែលគេងមិនលក់ ទើបដឹងថាយប់យូរប៉ុណ្ណា ដូចគ្នានេះដែរ អ្នកដែលកំពុងរងគ្រោះដោយសារសង្គ្រាម ទើបដឹង សន្តិភាពមានតម្លៃប៉ុណ្ណា។ កម្ពុជា ធ្លាប់បានឆ្លងកាត់ដំណាក់កាលវិនាសកម្ម និងទុក្ខវេទនាដោយសារសង្គ្រាម។ ទើបតែយុគសម័យនេះទេ ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា ទទួលបានសន្តិភាពពេញលេញ តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ។ គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ។

លោកបន្តថា ដូច្នេះការចូលរួមចំណែករបស់ស្ត្រី ទៅក្នុងដំណើរការថែរក្សាសន្តិភាព ដែលបានមកដោយការតស៊ូ លំបាកស្មុគ្រស្មាញនោះ ពិតជាមានសារៈសំខាន់ ខណៈប្រជាជននៅតំបន់ខ្លះ នៃពិភពលោក កំពុងតែរងគ្រោះ រងទុក្ខលំបាក ដោយសារសង្គ្រាម។

ប្រមុខការទូតកម្ពុជា បញ្ជាក់ថា «ការចូលរួមរបស់ស្រ្តី ក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស បាននិងកំពុងចូលរួមយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋនៃ បណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ក្នុងការកសាងសហគមន៍មួយ ដែលមានសុខសន្តិភាព ស្ថិរភាព មានភាពធន់ រឹងមាំ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព» ។

ក្នុងន័យនេះ លោក ប្រាក់ សុខុន បានកោតសរសើរដល់គម្រូវីរភាព របស់ស្ត្រីកម្ពុជា ចំពោះការចូលរួមចំណែក ដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ ។ បច្ចុប្បន្ន យើងមានកងកម្លាំងស្ត្រីជាង ១៥% បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន ៩ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី សាយប្រឺស និងយេមែន ។

ជាការឆ្លើយតបទៅនឹងប្រធានបទលើកកម្ពស់ សមភាពយេនឌ័រនៅឆ្នាំនេះ លោករដ្ឋមន្ត្រីបានស្នើឲ្យយកចិត្តទុកដាក់ ទៅលើចំណុចមួយចំនួន ដូចតទៅ៖ បន្តលើកទឹកចិត្ត និងបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំនៅគ្រប់កម្រិត , បន្តអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងក្រសួង , លើកទឹកចិត្តដល់ការពង្រឹងសមត្ថភាព ផ្នែកបច្ចេកវិទ្យាឌីជីថល ភាសាបរទេស និងចំណេះដឹងទូទៅ តាមរយៈវគ្គបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស និងលើកទឹកចិត្តឲ្យបន្តសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និង ទំនាក់ទំនងអន្តរជាតិ តាមដានការវិវត្ត នៃសភាពការណ៍នៅក្នុង និងក្រៅប្រទេស ធ្វើការវិភាគ វាយតម្លៃ និងព្យាករណ៍ ដើម្បីកំណត់ជំហររបស់កម្ពុជាឲ្យបានត្រឹមត្រូវ សំដៅការពារផលប្រយោជន៍ជាតិ ៕

To Top