ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ-CPU បន្ដចូលរួមចំណែកសកម្មភាព មនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្រាប់អនីតិជន

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោក James McCabe នាយកទទួលបន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានបន្ដចុះហត្ថលេខាបន្តសុពលភាព លើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្ដីពីការចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្រាប់អនីតិជន នៅកម្ពុជា ឆ្នាំ២០២២-២០២៤។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ការអនុវត្តបង្រ្កាបបទល្មើសនានា អង្គភាព CPU បានស្គាល់បទពិសោធន៍កាន់តែច្បាស់ ក្នុងទម្រង់បទល្មើសដែលមានទៅលើកុមារនៅកម្ពុជា។

លោកស្រីរដ្ឋលេខាធិការ សង្ឃឹមថា បន្ទាប់ពីការចុះហត្ថលេខាបន្តMOU ជាថ្មីម្ដងទៀតនេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយអង្គភាព CPU នឹងរឹតតែមានភាពជិតស្និទ្ធ ព្រមទាំងឆ្លើយតបបានលឿន ចំពោះបទល្មើស ដែលកើតមានឡើងនៅកម្ពុជា ។ ក្នុងនាមក្រសួងមហាផ្ទៃ លោកស្រី គាំទ្រចំពោះសកម្មភាពរបស់អង្គភាព CPU ដើម្បីកុមារនៅកម្ពុជា ។

ទន្ទឹមនេះ លោក James McCabe នាយកទទួលបន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា នឹងបន្ដកិច្ចសហប្រតិបត្តិការ រយៈពេល១០ទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋានគរបាលជាតិ ដើម្បីកុមារនៅកម្ពុជា។

សូមរំលឹក ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្ដីពីការចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្រាប់អនីតិជននៅកម្ពុជា ឆ្នាំ២០២២-២០២៤ នាពេលនេះ គឺលើកទី៤ ហើយ ៕

To Top