ព័ត៌មានជាតិ

ក្រសួងការងារ និងភាគីពាក់ព័ន្ធ ពិនិត្យសម្រេចលើ ផែនការមេពីសុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះសណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធពិនិត្យសម្រេច លើផែនការមេពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧។​

លោក ចាប ឬទ្ធី រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងក្នុងសិក្ខាសាលាត្រីភាគី ស្តីពីការពិនិត្យសម្រេចលើផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ រៀបចំដោយនាយកដ្ឋានពេទ្យការងារ ក្រោមការគាំទ្រពីគម្រោងលើកកម្ពស់ ស្តង់ដារសុវត្ថិភាព​ និងសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា​ នៃអង្គការអន្តរជាតិខាងការងារជប៉ុន រៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញថា គោលបំណងសំខាន់នៃ សិក្ខាសាលានាពេលនេះ គឺជាឱកាសដែលអ្នកចូលរួមទាំងអស់ ជួយពិនិត្យផ្ទៀងផ្ទាត់លើសកម្មភាពលំអិត ស្ថាប័នដឹកនាំនិងសហការ ការប៉ាន់ប្រមាណថវិកាចំណាយ និងសូចនាករធាតុចេញ ដែលជាសេចក្តីព្រាងលទ្ធផល នៃសិក្ខាសាលាកន្លងមក ដើម្បីធ្វើសុពលភាព និងបញ្ចប់ផែនការមេលើកទី៣ស្តីពី OSH នេះ។

លោក Haruhiro Jono តំណាងអង្គការអន្តរជាតិការងារ បានសារទរចំពោះដំណើរការ នៃការរៀបចំផែនការមេលើកទី៣នេះ ប្រកបដោយអន្តរកម្ម ដោយមានកិច្ចសន្ទនាសង្គមច្បាស់លាស់ ពីគ្រប់ដៃគូរពាក់ព័ន្ធ និងមានការចូលរួមផ្តល់ធាតុចូល។ អង្គការអន្តរជាតិខាងការងារ ក៏នៅបន្តគាំទ្រនិងដំណើរការ ការអនុវត្តផែនការមេលើកទី៣ តទៅមុខទៀត។

ជាមួយគ្នានោះដែរលោក រដ្ឋលេខាធិការបានលើកឡើងថា សុវត្ថិភាព និងសុខភាពការងារ គឺជាបញ្ហាដ៏សំខាន់នៅគ្រប់កន្លែងការងារ ដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ យកចិត្តទុកដាក់យ៉ាងខ្លាំង និងត្រូវបានដាក់បញ្ចូលជាបទដ្ឋាន ការងារស្នូលរបស់អង្គការអន្តរជាតិខាងការងារ ។ លោកបញ្ជាក់បន្ថែមថា ដោយសារតែបញ្ហាទាំងនេះ គឺធ្វើឲ្យមានតម្រូវការចាំបាច់កាន់តែខ្លាំងឡើងៗ ក្នុងការបញ្ជ្រាប ចំណេះដឹង និងវិធានការអំពីOSH ទៅក្នុងការអប់រំទូទៅសម្រាប់មនុស្សគ្រប់គ្នា មុនពេលពួកគេចូលទៅក្នុងពិភពការងារ និងបន្តការងារពេញមួយជីវិតរបស់ពួកគេ។ ការបញ្ចូលចំណេះដឹងស្តីពីOSH ទៅក្នុងការអប់រំទូទៅ និងទៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺអាចជួយកសាងអនាគតកម្មករ ជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពល្អជាងមុន។

បើយោងតាមរបាយការណ៍ របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញឱ្យឃើញថា ជារៀងរាល់ឆ្នាំ មានកម្មករនិយោជិតចំនួនប្រមាណជាង ៣ លាននាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និងកម្មករនិយោជិតចំនួន ៣៧៤លាននាក់បន្ថែមទៀត ទទួលរងពីគ្រោះថ្នាក់ការងារ ប៉ុន្តែមិនបាត់បង់ជីវិត។ ក្រៅពីការចំណាយខាងសេដ្ឋកិច្ច គឺមានការចំណាយដែល មិនអាចគណនាជាតួលេខ ដែលគេមិនបានទទួលស្គាល់ ក្នុងការវាយតម្លៃទាំងនេះ ដែលបញ្ហាទាំងនេះ គឺបណ្តាលមកពីលក្ខខណ្ឌសុវត្ថិភាពការងារ និងសុខភាព។​

លោកឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា សិក្ខាសាលាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៥០នាក់ ដែលអញ្ជើញមកពីស្ថាប័នរដ្ឋ និយោជក និយោជិត (ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ) និងអង្គការនានា៕

To Top