ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិភាក្សាគ្នាជាបន្ទាន់ជាមួយម្ចាស់រោងចក្រ ដើម្បីដោះស្រាយបញ្ហាកម្មករ-កម្មការិនី ដែលត្រូវបានព្យួរការងារ នាពេលកន្លងទៅ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេច ទទួលបានព័ត៌មានមួយពីមេសហជីពថា «ចំនួនរោងចក្រដែលព្យួរការងារ មានការកើនឡើង ហើយកម្មករ-កម្មការិនី បានស្នើសុំជួយអន្តរាគមន៍»។
សម្ដេច ក៏បានណែនាំឲ្យលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រស់រួនដោះស្រាយបញ្ហានេះឲ្យបានលឿន ដោយអនុវត្តចាប់ពីខែមេសាទៅ។
សម្ដេចតេជោបានថ្លែងថា «ខ្ញុំបានបញ្ជូនបញ្ហានេះ ទៅឯកឧត្ដម អ៊ិត សំហេង និងឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ចឹងពិភាក្សាគ្នាដើម្បីឆ្លើយតបលើបញ្ហានេះ វាមិនច្រើនដូចសម័យកូវីដទេ។ ចឹងសម្រាប់កម្មករ ដែលព្យួរការងារ យើងត្រូវពិភាក្សាជាមួយនឹងម្ចាស់រោងចក្រ យើងធ្វើដូចសម័យកូវីដ រាជរដ្ឋាភិបាល៤០ ម្ចាស់រោងចក្រ៣០ ហើយគួរត្រូវបានអនុវត្តចាប់ពីខែមេសា»។
ឆ្លៀតឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រី រំលឹកថា នៅពេលកូវីដ-១៩ កំពុងផ្ទុះឡើង មានកម្មកររាប់លាននាក់ អត់ការងារធ្វើ នៅទូទាំងពិភពលោក។ ក្នុងនោះ ក៏មានកម្មករមួយចំនួននៅកម្ពុជា អត់ការងារធ្វើរាប់ឆ្នាំ តែមានលទ្ធភាពធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល និងរោងចក្រ។ សម្តេចបញ្ជាក់ថា «លុយធ្វើបាតុកម្មនោះ បានមកពីណា? ចែកដល់បាតុករកន្លែងណា? ក៏ដឹងដែរ កម្ពុជាមិនល្ងង់ទេ»៕