ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដាក់ចេញគោលនយោបាយណា ដែលជាសន្យាខ្យល់ដូច គណបក្សនយោបាយខ្លះទេ ផ្ទុយទៅវិញនឹងខិតខំ ដើម្បីប្រជាជនទទួលបានផលកាន់តែច្រើន។
សម្តេចតេជោ បានថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាថ្ងៃ៦ មីនាថា គណបក្សប្រជាជនកម្ពុជា ដក់ចេញគោលនយោបាយ មិនមែនជាការគោលនយោ បាយសន្យាខ្យល់នោះទេ។
សម្តេចគូសបញ្ជាក់ថា «យើងមិនបានបណ្តុះបង្គាប់ គោលនយោបាយគណបក្សនយោបាយណាទេ ក៏ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអនុវត្តជាក់ស្តែងរួចហើយ ទទួលរួចហើយ និងពង្រីកការទទួលផលបន្ថែម សម្រាប់ប្រជាពលរដ្ឋទទួលបានផល»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ពិតហើយដូចដេញថ្ងៃបានមកហើយ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ (បោះឆ្នោតថ្នាក់ជាតិ) «ច្បាស់ជាមានបក្សនេះគេថាម្នាក់ ត្រូវបានប៉ុណ្ណេះរៀល បក្សនោះគេថាប៉ុណ្ណោះរៀល។ បើឆ្នាំ២០១៣ខ្ញុំចាំ បក្សមួយគេថាបើបក្សខ្ញុំឈ្នះឲ្យសាំងនៅតែ ១៨០០រៀលទេ ក្នុងមួយលីត្រ បក្សមួយទៀតថាបើបក្សគេឈ្នះ ឲ្យសាំងនៅតែ១៥០០រៀលក្នុងមួយលីត្រ ក្នុងពេលដែលខ្លួនមិនមានសាំងមួយ ដំណក់ក្នុងពេលខ្លួនគ្មានសាំង ហើយបែរកំណត់ថ្លៃ»។
សម្តេចក៏បានលើកឡើងថា ពេលនោះគណបក្សផ្សេងបានចោទ គណបក្សប្រជាជនកម្ពុជាថា ជាបក្សកុម្មុយនីស្ត តែដល់ទង្វើ និងរបៀបធ្វើបក្សខ្លួនដោយកំណត់ថ្លៃ ដោយមិនគោរពក្រិតក្រមទីផ្សារនោះ បែរជាទៅជាកំណត់ថ្លៃសាំង។ តើនោះជាអ្វីដែរ គឺជាការធ្វើប្រជាភិថុទេ តែវាជាសិទ្ធិរបស់អ្នកឃោសនា? ណែ៎ អ្នកជឿក៏ជឿទៅ តែអ្នកខ្លះជិះកង់សោះ ទៅសន្យាឲ្យគេម៉ូតូនៅពេលគេឈ្នះ ! ខ្លួននៅផ្ទះស្បូវ សន្យាឲ្យផ្ទះក្បឿងឲ្យគេ«…»។
សម្តេចតេជោក៏បានលើកឡើងថា គណបក្ស និងរាជរដ្ឋាភិបាលនឹងខិតខំ ធ្វើការងារបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ឲ្យប្រជាជនទទួលបាន ប្រយោជន៍ដូចពេលនេះ ៕