ព័ត៌មានជាតិ

គម្រោងការផលិតស្ថិតិតាមតំបន់ នឹងក្លាយជាយន្ដការជំរុញថ្មីមួយទៀត សម្រាប់គាំទ្រគោលនយោបាយវិមជ្ឈការ

ភ្នំពេញ៖ លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងថា គម្រោង ការផលិតស្ថិតិតាមតំបន់ នឹងក្លាយទៅជាយន្តការជំរុញថ្មីមួយទៀត ក្នុងការចូលរួមចំណែកលើកកម្ពស់ និងគាំទ្រទៅដល់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីវិភាគស្ថិតិតាមតំបន់ ដោយប្រើប្រាស់កម្មវិធី SPSS នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក កង សូសាទី បានឱ្យដឹងថា បើទោះបីជាវិទ្យាស្ថានជាតិស្ថិតិ បានផលិតចេញនូវទិន្នន័យច្រើនប្រភេទ ច្រើនទម្រង់ និងច្រើន វិស័យនៅកម្រិតថ្នាក់ជាតិសម្រាប់បម្រើ ជូនសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ យ៉ាងណាក៏ដោយ ក៏ទិន្នន័យ ដែលបានប្រមូលតាមរយៈការធ្វើជំរឿន និងអង្កេតនៅពុំទាន់បានផលិតចេញ ឲ្យអស់នូវសក្តានុពលរបស់ ទិន្នន័យដែលយើងខំប្រឹងប្រែងធ្វើជំរឿន និងអង្កេតនោះទេ នាពេលកន្លងមក។

លោក បន្ដថា ដោយស្វែងយល់ដឹងអំពីមូល ហេតុនេះ ទើបវិទ្យាស្ថានជាតិស្ថិតិ តាមរយៈនាយកដ្ឋានស្ថិតិសង្គមកិច្ច បានខិតខំបង្កើតឲ្យមានសកម្មភាព គម្រោងមួយទៀត គឺ ការផលិតស្ថិតិតាមតំបន់ ដែលមានគោលដៅគ្របដណ្តប់ នៅគ្រប់រាជធានី ខេត្ត ទូ ទាំងប្រទេសកម្ពុជា នាឆ្នាំបន្តបន្ទាប់ ក្នុងគោលបំណងធ្វើយ៉ាងណាផលិត និងប្រើប្រាស់ទិន្នន័យទាំងអស់របស់ ជំរឿន និងអង្កេតទាំងឡាយឲ្យអស់សក្តានុពល និងឲ្យអស់ផលប្រយោជន៍របស់ ទិន្នន័យដែលបានប្រមូល សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់ ទិន្នន័យគ្រប់ស្រទាប់ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។

លោករដ្ឋលេខាធិកា បញ្ជាក់ថា «គម្រោង ការផលិតស្ថិតិតាមតំបន់ នឹងក្លាយទៅជាយន្តការជំរុញថ្មី មួយទៀតក្នុងការចូលរួម ចំណែកលើកកម្ពស់ និងគាំទ្រទៅដល់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់វិទ្យាស្ថានជាតិស្ថិតិ ដែលបានចែងនៅក្នុងច្បាប់ស្តីពីស្ថិតិ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ផែនការ និងស្ថិតិនៅតាមរាជធានី ខេត្តទូទាំងប្រទេស ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតទិន្នន័យ ស្ថិតិឲ្យដល់កម្រិតទាបបំផុតគឺកម្រិតឃុំ សង្កាត់ និងស្រុក ខណ្ឌ ក្រុង សម្រាប់ជួយដល់អ្នកធ្វើសេចក្តីសម្រេច ចិត្ត និងអ្នកកសាងផែនការអភិវឌ្ឍន៍ នៅកម្រិតមូលដ្ឋាននៃថ្នាក់ក្រោមជាតិ ឲ្យមានទិន្នន័យគ្រប់គ្រាន់ និងគ្រប់ ជ្រុងជ្រោយ»។

លោក បន្ថែមថា បច្ចុប្បន្ននេះ និងជាបណ្តើរៗ តាមរយៈការអនុវត្ត គោលនយោបាយវិមជ្ឈការ វិទ្យាស្ថានជាតិស្ថិតិ បាននឹងកំពុងធ្វើប្រតិភូកម្មការងារ ស្ថិតិមួយចំនួនឲ្យទៅដល់ថ្នាក់ក្រោមជាតិ ដែលមានមន្ទីរផែនការជាអ្នកអនុវត្ត ដូចជាយើងបានឲ្យខេត្តមួយចំនួន បញ្ចូលទិន្នន័យជំរឿនប្រជាជន និងជំរឿនសេដ្ឋកិច្ច និងគ្រោងឲ្យមានការ វិភាគទិន្នន័យនៅថ្នាក់ក្រោមជាតិ បន្ថែមមួយកម្រិតទៀតនៅក្នុងពេលអនាគត ៕

To Top