ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវ ស្នើដល់សប្បុរសជន ចូលរួមក្នុងការកសាងកន្លែងស្នាក់ (អន្ទេរវេសិនដ្ឋាន) ដល់និស្សិតស្រីនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ជាតំបន់ដាច់ស្រយាល ។
ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ក្នុងឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគ សម័យឌីជីថល»សម្តេចតេជោបានឲ្យស្ថាប័ន ពាក់ព័ន្ធដាក់ចេញ គោលនយោបាយលើកកម្ពស់ ដល់នារីក្នុងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។
សម្តេចតេជោថា «ចំណុចនេះខ្ញុំបានប្រគល់ភារកិច្ចឲ្យ ក្រសួងអប់រំយុវជន និងកីឡា ក្នុងការកសាងកន្លែង សម្រាប់ស្នាក់នៅរបស់និស្សិតជាស្រី ដើម្បីជួយសម្រួលដល់ការរៀនសូត្រដែលមិនមែនផ្តោត នៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែក៏ផ្តោតធ្វើនៅតាមបណ្តាខេ ត្តនានាផងដែរ»។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា«ខ្ញូំសូមយកឱកាសនេះអំពាវនាវ ដល់សប្បុរសជនទាំងអស់ ចូលរួមក្នុងការកសាង អន្ទេវេសិនដ្ឋានសម្រាប់និស្សិតជាស្ត្រី និងនៅតាមវិទ្យាល័យនានា ដែលយើងបានពង្រាយនៅតាមទូទាំងប្រទេស តាមខេត្ត ភូមិស្រុក រួចហើយ ប៉ុន្តែយើងមាននិស្សិត សិស្សក្រីក្រ ដូច្នេះហើយនៅពេលយើងកសាងសាលា យើងត្រូវកសាងនូវអន្ទេវេសិនដ្ឋានស្ត្រី នៅថ្នាក់មធ្យមសិក្សាផងដែរ”។
សម្តេចតេជោបានលើកឡើងថា បើសិនគ្មានសិស្សនៅថ្នាក់មធ្យមសិក្សានោះទេ ក៏គ្មាននិស្សិតនៅថ្នាក់ឧត្តម សិក្សាផងដែរ។ ដែលចំណុចនេះសម្តេច ចង់កាត់បន្ថយគន្លាត រវាងអ្នកនៅតាមទីប្រជុំជន ទីក្រុង និងជន បទដាច់ស្រយាលតាមរយៈជំរុញ ឲ្យសិស្សស្ត្រីនៅ ជនបទមានឱកាស សិក្សាវិទ្យាល័យមានកន្លែង ស្នាក់នៅ ។
ក្នុងឱកាសនោះដែរ សម្តេចតេជោបានគូសបញ្ជាក់ថា «ចំណុចនេះគឺជាគោលដៅអាទិភាពត្រូវធ្វើហើយចាំបាច់ យើងត្រូវធ្វើនោះគឺ ពង្រឹងអំណាចសេដ្ឋកិច្ច របស់ស្ត្រីឲ្យខានតែបាន ។ ចំណុចនេះគឺជាចំណុច ដែលគេមើលឃើញថាបើស្ត្រី កាន់កាប់លុយហើយបុរសគ្មានសិទ្ធិតវ៉ាទេ ដូច្នេះចំណុចយើងត្រូវ ខិតខំពង្រឹងអំណាច របស់ស្ត្រីដែលជាផ្នែកមួយមាន ឥទ្ធិពលពាក់ព័ន្ធសម្រាប់គ្រួសារ»៕