ភ្នំពេញ ៖ ដោយមានជំហរច្បាស់លាស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា នឹងរក្សាលោកស្រីរដ្ឋមន្រ្តី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី មិនឲ្យទៅណាទេ ខណៈមានស្រ្តីគាំទ្រ សម្តេចច្រើនជាងបុរស ។
ការប្រកាសមិនប្តូររដ្ឋមន្រ្តីទាំង២រូបជាស្រ្តីនេះ ធ្វើឡើងក្នុងឱកាសសម្តេចចូលរួម ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ នាថ្ងៃ៧ មីនា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា សម្រាប់គណៈរដ្ឋមន្ត្រីអាណត្តិទី៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួង កិច្ចការនារី ដែលមានរដ្ឋមន្ត្រីជាស្ត្រីនោះ នឹងមិនត្រូវផ្លាស់ប្តូរតួនាទីឡើយ ។ សម្តេចតេជោបន្តថា ស្រី្ត២រូប គឺលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈនិងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រៀមបោះឆ្នោត ហើយរាជរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតនៅក្នុងខែកញ្ញា (ឆ្នាំ២០២៣) ពេលនោះ មនុស្សមួយចំនួនអាចនឹងគួរដឹង អាចនឹងចង់ដឹង ក៏ប៉ុន្តែខ្ញុំអាចនិយាយបានថា ស្ត្រីជា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺមិនត្រូវបា នផ្លាស់ប្តូរទេ» ។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានកោតសរសើរការដឹកនាំរបស់ លោកស្រៅភឿង សកុណា និងលោកស្រីអ៉ឹង កន្ថាផាវី ហើយសម្តេចក៏ប្រកាសថា អាណត្តិថ្មី ខាងមុខនេះ រដ្ឋមន្ត្រីទាំង ២រូប នឹងមិនត្រូវបាន ផ្លាស់ប្តូរនោះទេ ។ សម្តេចតេជោ ក៏បានបង្ហើបឲ្យដឹងថា បើយោងតាមការស្ទង់មតិ ដោយស្ថាប័នបរទេស មួយបានបញ្ជាក់ថា អត្រារបស់ស្ត្រីគាំទ្រ សម្តេចមានចំនួនច្រើនជាងបុរស។
ក្នុងឱកាសនោះដែរ សម្តេចថា ការស្ទង់មតិនេះ ដែលអាចចាត់ទុកថា ស្ត្រីបានយល់ដឹងអំពីតម្លៃ សុខសន្តិភាព ដែលពួកគាត់ធ្លាប់បានឆ្លងកាត់នូវ សង្គ្រាមរ៉ាំរ៉ៃជាច្រើនមកហើយ នាពេលអតីតកាល។ ដូច្នេះគាត់បានឲ្យតម្លៃទៅលើកត្តាសុខសន្តិភាព របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាថ្មីថា ការជួយស្ត្រី គឺជួយខ្លួនឯង ជួយប្រពន្ធ ជួយបងស្រី ជួយប្អូនស្រី ជួយកូនស្រី និងជួយស្ត្រីឯទៀត គឺជួយខ្លួនឯង៕