ព័ត៌មានជាតិ

សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូល ថា បច្ចុប្បន្ននេះ ស្ដ្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ និងអភិវឌ្ឍចំណេះដឹង

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូល ថា បច្ចុប្បន្ននេះស្ដ្រី មានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជ្រែង ប្រកបដោយសក្តានុពល ក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងនៅក្នុងតំបន់ ។

យោងតាមព្រះរាជសារអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ​មាន​ព្រះរាជ​បន្ទូល​ថា «ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ បានកត់សម្គាល់ឃើញថា ស្ត្រីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រីមានកាលានុវត្តភាពក្នុង ការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពី កិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ស្ត្រី និងគ្រួសារមានភាពប្រសើរឡើងរួមចំណែកយ៉ាង សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ»។

សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូល បន្ថែមថា ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជាក៏ត្រូវបាន លើកកម្ពស់ជាបន្តបន្ទាប់ រួមទាំងនៅក្នុងក្របខណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្ដារសេដ្ឋកិច្ច-សង្គមពី វិបត្តិកូវីដ-១៩ និងកិច្ចការនៅលើឆាកអន្តរជាតិ។

សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូល បន្ថែមទៀតថា ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដើម្បី ធានាថាប្រជាជនគ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបានជម្រើស ភាពជាតំណាង និងចូល រួមប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដែលបាននឹងកំពុងវិវត្តន៍ទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅត ជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃ បានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប៕

To Top