ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្រាប់កុំឱ្យយកជីវិត ប្រជាជនកម្ពុជា ទៅធ្វើតេស្ត ឱសថរកឃើញថ្មី

ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សូមកុំ យក ជីវិតប្រជាជនកម្ពុជា ទៅធ្វើតេស្ត ចំពោះការរកឃើញឱសថថ្មី ឲ្យសោះ គឺរង់ចាំគេរកឃើញរួច យើងយកមកប្រើប្រាស់ ។

ថ្លែងក្នុងពិធី បិទសន្និបាត ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «សូមកុំយក ប្រជាជនកម្ពុជា ដែលគេហៅថា ធ្វើតេស្តឱសថ ដែលគេទើបផលិត ឲ្យសោះ គឺទុកឲ្យគេធ្វើតេស្ត សម្រាប់ប្រជាជនគេទៅ ហើយបើមានប្រសិ ទ្ធភាព ចាំយើងយកមក ។ គេផលិតហើយគេមិនហ៊ាន ធ្វើតេស្តប្រជាជនគេផង បញ្ជូនឲ្យខ្មែរ ខ្មែរប្រុងទទួលអាបែបហ្នឹង ខ្ញុំមិនលេងជាមួយទេ» ។

សម្តេចតេជោ ក៏បានលើកឡើងថា សម្តេចនៅចាំច្បាស់ គឺកម្ពុជាមិនមែនជាធុងសំរាម នៃការបោះចោល នូវបច្ចេកវិទ្យាហួស សម័យនោះទេ។
សម្ដេចតេជោ​ បញ្ជាក់ថា ​”ខ្ញុំប្រកាសនៅឆ្នាំ១៩៨៨ អីចឹងកម្ពុជា អត់ត្រូវទទួលនូវអ្វី ដែលជារបស់ហួសសម័យនោះទេ រាប់ទាំងប្រព័ន្ធទាក់ទិន នឹងឌីជីថលផង” ។

សម្តេចថា​ “ប្រព័ន្ធឌីជីថលនេះដែរកុំអាចាស់នៅស្រុកយើងអាថ្មី នៅស្រុកគេ គឺអត់ទេ ។ យើង«កម្ពុជា»ឥឡូវក៏បានឆ្លើយតបនឹងបញ្ហានឹង ដែរ ។ឧទាហរណ៍៖ទូរស័ព្ទស្មាតហ្វូនចេញ ភ្លាម នៅប្រទេសផលិត មានប្រើប្រាស់ នៅកម្ពុជា ក៏មានប្រើប្រាស់ដែរ អត់មានស្តុកអា ចាស់ៗ មកលក់នៅស្រុកយើងទេ ។ ដូច្នេះសូមឲ្យយកចិត្តទុកដាក់ពិសេសនោះបញ្ហា ម្ហូបអាហារតែ ម្តងដែលជាការបង្កើន បន្ទុកតែម្ត​ង” ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានសម្តែងការព្រួយបារម្ភ ចំពោះពិធីករពិធីការិនីមានជំងឺទឹកនោមផ្អែម ដោយសារអ្នកចម្រៀងខ្លះ ថ្ងៃនេះទៅច្រៀង នៅពាណិជ្ជកម្មខារ៉ាបាវ​ ដល់ស្អែកទៅបាកាស ក៏ភ្លក់បាកាសទៅ ដល់ខានស្អែកទៅច្រៀន នៅអីឈីតាន់ ក៏ភ្លក់ទៅ ។ អីញ្ចឹងទេ ថ្ងៃក្រោយសូមផ្តាំទៅក្មួយៗ អ្នកចម្រៀង ក៏ដូចជាពិធីករពិធីការិនី អីចឹង សូមថ្ងៃ ក្រោយគ្រាន់តែលើកធ្វើហូបទៅ ។

សម្តេចគូសបញ្ជាក់ថា ៖ «ក្មួយៗកុំទៅលេបអី ព្រោះច្រេីនមុខណាស់ មិនដឹងថា ថ្ងៃក្រោយ កើតអ្វីទេ ។ខ្លះទៀតថ្ងៃក្រោយច្រៀងអត់កើតទៀត។ «ខ្ញុំឃើញផឹក…» អ្នកផឹកគេផឹកទៅតែ យើងគ្រាន់ តែលើកបានហើយ មិនចាំលើកផឹកទេ»។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា នេះជាគ្រាន់តែជាការរំលឹកដល់ពិធីករពិការិនី និងអ្នកចម្រៀងតែប៉ុណ្ណោះ ។ តែសម្តេចថាច្បាស់ជាពិធីករ ពិធីការិនី អ្នកចម្រៀង មានវិធី ដោះស្រាយហើយ ៕

To Top