ព្រៃវែង៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង នៅថ្ងៃទី៦ខែមីនាឆ្នាំ២០២៣ បានបើកវគ្គបំប៉ន ស្ដីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តព្រៃវែង ឲ្យទទួលបានចំណេះ ជំនាញថ្មីៗ ឲ្យកាន់តែច្បាស់លាស់បន្ថែមទៀត ក្នុងការចុះអនុវត្តការងាររបស់ខ្លួនទៅតាមគោលដៅប្រកបដោយប្រសិទ្ធភាព។
ការបើកវគ្គបំប៉ននេះមានការចូលរួមលោកសួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកកម្មវិធីរដ្ឋបាលដីធ្លី និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន ក្រុមចុះបញ្ជីដីធ្លីទាំង៨ក្រុម មន្ត្រីចុះបញ្ជី មន្រ្តីជាប់កិច្ចសន្យា មន្រ្តីស្ម័គ្រចិត្តទាំងអស់របស់ក្រុមចុះបញ្ជីទាំង៨ក្រុម ។
លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានរាយការណ៍ថា៖ លទ្ធផលការងារដែលបានអនុវត្តកន្លងមកប្រមាណ ២០ ឆ្នាំនេះបានប្រកាសតំបន់បានចំនួន៨៧៤ ភូមិ ស្មើនឹង ១០០ ឃុំ សង្កាត់ ១៣ ស្រុក-ក្រុង។ ប្រមូលទិន្នន័យបានចំនួន ៨៥៦,៦៨០ ក្បាលដី, បញ្ចូលទិន្នន័យបានចំនួន ៨៥៦,៦៨០ ក្បាលដី,គូរក្បាលដីបានចំនួន៨៤៦,០៥៥ក្បាលដី, បិទផ្សាយបានចំនួន ៧១៥,៣៥៣ ក្បាលដី, ចុះហត្ថលេខារួចបានចំនួន៦៧៤,៦០៤ប័ណ្ណ, ចែកប័ណ្ណដល់ដៃបានចំនួន៦៦៩,៣៦៨ ប័ណ្ណ, បានអនុវត្តស្រុកចប់ជាស្ថាពរចំនួន ០៣ ស្រុក ស្មើ ៣១ ឃុំ និងមាន ៣៧៩ ភូមិ (ស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ) ។ ឃុំកំពុងអនុវត្តមានចំនួន ១៨ ឃុំ និងមាន ៧៩ភូមិ ។ ចំនួនឃុំមិនទាន់បានចុះអនុវត្តមានចំនួន ១៦ ឃុំ មាន ២០៣ ភូមិ ។ បានវាស់វែងចប់ ស្រុកកំចាយមារ ស្រុកកំពង់ត្របែក ក្រុងព្រៃវែង និងស្រុកកញ្ជ្រៀច ។ នៅសល់ស្រុកមិនទាន់វាស់វែងចប់មានស្រុកពារាំង ស្រុកស៊ីធរកណ្ដាល ស្រុកពោធិ៍រៀង ស្រុក ពាមរក៏ ស្រុកពាមជរ និងស្រុកមេសាង ។
លោក សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកកម្មវិធីរដ្ឋបាលដីធ្លី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារយកអស់កម្លាំងកាយចិត្តរបស់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ដែលបានបំពេញការងារ ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋនាពេលកន្លងមកនេះទោះបីជូបនូវឧបសគ្គយ៉ាងក៏ដោយ។
លោក ក៏បានបន្ថែមទៀតថា ការបើកសិក្ខាសាលានេះគឺក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ឲ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗ បន្ថែមទៀត សម្រាប់បំពេញបន្ថែម ចំពោះការងាររបស់ខ្លួន ដែលបានអនុវត្តកន្លងមក ឱ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។
លោកក៏បានសំណូមពរដល់មន្ត្រី សុរិយោដីទាំងអស់ត្រូវសួរនៅចំណុចដែលខ្លួនមិនច្បាស់ត្រង់ចំណុចណាមួយទៅលោកគ្រូដែល បង្ហាញនៅនីតិវិធីមួយចំនួននោះ ដើម្បីអោយគាត់បកស្រាយជូនខ្លួនដើម្បីទុកជាមូលដ្ឋានសម្រាប់ខ្លួនធ្វើការងារនេះទទួលបានប្រសិទ្ធភាពខ្ពង់។ ដើម្បីធ្វើយ៉ាងណាបំពេញ តម្រូវការចាំបាច់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះឲ្យកាន់តែប្រសើរឡើងទ្វេដងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីបញ្ចប់ ការវាស់វែងដីធ្លីនេះជូនគាត់បានលឿននិងឆាប់ចប់នៅពេលខាងមុខនេះ៕