ព័ត៌មានជាតិ

ជប៉ុន៖ កម្ពុជា បង្ហាញគំរូដ៏ល្អក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ ជាអ្នកផ្តល់សន្តិភាព

ភ្នំពេញ៖ លោក កាណូ តាគេហ៊ីរ៉ូ (KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការ សន្តិភាពអន្តរជាតិ នៃគណៈរដ្ឋមន្រ្តីជប៉ុន បានថ្លែងថា កម្ពុជាបង្ហាញពីគំរូដ៏ល្អនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព ។

ការលើកឡើងរបស់លោក កាណូ តាគេហ៊ីរ៉ូ បែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយលោ កប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះភាគីទាំងពីរ មានការពេញចិត្តចំពោះ ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ដែលត្រូវបានតម្លើងដល់កម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីភាពជាដៃគូក្នុងកិច្ចការរក្សាសន្តិភាព និងសកម្មភាពកំចាត់មីន នៅក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងអង្គការសហប្រជាជាតិ។

លោកឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញជាមួយ សេចក្តី អំណរគុណ ចំពោះការរួមចំណែកដ៏សំខាន់ របស់កងកម្លាំងស្វ័យការពារជប៉ុន នៅក្នុងដំណើរការរក្សាសន្តិភាព ក៏ដូចជាការគាំទ្ររបស់ជប៉ុនជាបន្តបន្ទាប់ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។

លោកអគ្គនាយកបានបញ្ជាក់ពី ការត្រៀមខ្លួនរបស់ជប៉ុន ធ្វើការជាមួយកម្ពុជា ដែលនឹងធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំ “កម្មវិធីភាពជាដៃគូត្រីភាគី របស់អង្គការសហ ប្រជាជាតិ” នៅឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាពវិស្វកម្មក្នុងតំបន់ នៅក្នុងបេសកកម្មរក្សាសន្តិភាព។

ភាគីទាំងពីរ បានគូសបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកកិច្ចសហការបន្ថែមទៀត នៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់គ្រឿងបរិក្ខារ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់មួយចំនួនផងដែរ។ លោកអគ្គនាយក បានសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងតួនាទីដ៏លំបាករបស់ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា កាលពីឆ្នាំមុន និងបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែង ដ៏ធំធេងរបស់កម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ ដោយប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ ៕

To Top