ព័ត៌មានជាតិ

ក្រសួង​សុខាភិបាល ​ប្រាប់​អាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រឹង និងតាមដានកន្លែង សេវាកែសម្ផស្ស

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសេវាកែសម្ផស្ស (មជ្ឈមណ្ឌលកែសម្ផស្ស)។

តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ដើម្បីធានាសេវាថែទាំសុខភាពឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈ សុខាភិបាល ក្រសួងសុខាភិបាល សូមធ្វើការណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ចុះត្រួតពិនិត្យ ជាប្រចាំលើមន្ត្រីកំពុងបម្រើការងារនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ត្រូវតែអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានគតិយុត្តិ និងច្បាប់ជាធរមាន»។

លោករដ្ឋមន្ដ្រី បន្ដថា ក្រសួង និងក្រុមគណៈវិជ្ជាជីវៈសុខាភិបាល នឹងជួយបណ្តុះបណ្តាល តាមការចាំបាច់ ដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត អំពីការងារត្រួតពិនិត្យ តាមដាន អភិបាលកិច្ច ផ្នែកគ្លីនិក នៅគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីធានាថាសេវាថែទាំសុខភាពដែលបានអនុញ្ញាត គឺបានអនុលោមទៅតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ ដែលបានកំណត់៕

To Top