ភ្នំពេញ៖ ក្រោយពីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា កម្ពុជាកំពុងនាំមុខគេ ក្នុងពិភពលោក លើការដាំដុះដំណាំស្វាយចន្ទី លោក យ៉ង់ សាំងកុមារ បច្ចុប្បន្នជារដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលមានជំនាញខាងផ្នែកកសិកម្ម ជាច្រើនទស្សវត្ស បានអះអាងថា នឹងខិតខំធ្វើយ៉ាងណាឲ្យមាន ការពង្រីកផ្ទៃដាំដុះបន្ថែម ឲ្យស្របតាមការចង់បាន របស់ប្រមុខរាជរដ្ឋាភិបាល។

បើតាមលោក យ៉ង់ សាំងកុមារ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១០ មីនាថា កម្ពុជាបានត្រៀមខ្លួនជាប្រទេសនាំមុខគេ លើពិភពលោកខាងវិស័យស្វាយចន្ទី ព្រោះបច្ចុប្បន្នកម្ពុជាមានផ្ទៃដាំដុះ ជាង៧០ម៉ឺនហិកតា និងប្រមូលផលក្នុង១ឆ្នាំៗជាង១លានតោន។
ចំពោះទំហំនៃការប្រមូលផលខ្ទង់លានតោននេះ គឺមិនសមចិត្តលោកក្នុងនាម ជាអ្នកជំនាញកសិកម្មនោះទេ ទើបលោកបានដាក់ចេញគោលដៅ នៃការដុះបន្ថែមទៀត ប៉ុន្តែទោះបីជាយ៉ាងណា លោកក៏បានបង្ហាញពីកង្វល់ ចំពោះការខ្វះទុនលើការទិញគ្រាប់ស្វាយចន្ទីមកកែច្នៃ ។ ប៉ុន្តែលោកថា សព្វថ្ងៃនេះជំហានបន្ត គឺត្រូវជំរុញនិងណែនាំឲ្យកសិករ ពង្រីកផ្ទៃដីដាំដុះ។
លោក យ៉ង់ សាំងកុមារបញ្ជាក់ថា “ដោយសារសក្តានុពលបច្ចុប្បន្ន យើងអាចពង្រីកការដាំដុះបន្ថែមទៀត ។ សំខាន់យើងពង្រីកការកែច្នៃនាំចេញផ្ទាល់ អាហ្នឹងក៏យើងត្រូវមានទុនគ្រប់គ្រាន់ សម្រាប់ទិញគ្រាប់ស្វាយចន្ទីស្តុកទុក សម្រាប់ការកែច្នៃដែរ”។

ករណីកង្វល់ខ្វះទុននេះ លោកក៏នឹងមានផែនការ ស្នើសុំរាជរដ្ឋាភិបាល ទំលាក់ថវិកា មកផ្គត់ផ្គង់លើវិស័យនេះ នាពេលខាងមុខ។
ជាមួយគ្នានេះ លោក យ៉ង់ សាំងកុមារក៏បង្ហាញការយល់ឃើញថា គួរមានការរៀបចំឲ្យមានវេទិកាជាតិមួយ ស្តីពីស្វាយចន្ទី ដោយចូលរួមពីតួអង្គពាក់ព័ន្ធ ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយស្វាយចន្ទី ឲ្យបានជោគជ័យ ។
សម្តេចតេជោ ក្នុងឱកាសចូលរួមជាអធិបតី ក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានបង្ហាញពីការគាំទ្រ ដល់វិស័យស្វាយចន្ទីខ្មែរ ហើយសម្តេចចង់ឃើញកម្ពុជា ក្លាយជាប្រទេសឈានមុខគេ លើពិភពលោក ក្នុងការផលិតស្វាយចន្ទី រួមទាំងការកែច្នៃស្វាយចន្ទីដោយខ្លួនឯង សម្រាប់ការនាំចេញ។
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយស្វាយចន្ទីរួចហើយ ដែលជាការត្រួសត្រាយផ្លូវ សម្រាប់ការលើកស្ទួយវិស័យស្វាយចន្ទី ។
សូមបញ្ជាក់ថា បើរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា នាឆ្នាំ២០២២កន្លងមក កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិចំនួន៦៧ម៉ឺនតោន ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ ។ ក្នុងនោះ គ្រាប់ស្វាយចន្ទី បាននាំចេញទៅវៀតណាម ចំនួន៦៦ម៉ឺនតោន។ ដោយគ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃពី៥៥០០-៧២០០រៀល៕

