ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រកាសបិទបញ្ចប់ ការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ។
សេក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច នៅថ្ងៃ១០ មីនា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដោយបានបើកផ្ដល់ដល់គ្រួសារ ងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។
ក្នុងនោះ រដ្ឋាភិបាលបានផ្តល់ដល់ប្រភេទ ក្រុមគ្រួសារគោលដៅដែលមានហានិភ័យចំនួន ៥ រួមមាន ៖ ១-គ្រួសារ , ២-សមាជិកគ្រួសារ , ៣- កុមារអាយុ 0-៥ ឆ្នាំ , ៤- ជនមានពិការភាព ក្នុងម្នាក់ និង៥-មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំ ដែលសរុបទឹកប្រាក់សរុប ចំនួន ៤៦ ៧៩៩ ០៨៨ ០០០ រៀល ។
ក្រសួងសង្គមកិច្ចបានប្រកាសបិទបញ្ចប់ការអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់នេះ ដោយទុករយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ សម្រាប់ករណី មានបណ្ដឹងតវ៉ាណាមួយរបស់អ្នកទទួលផល។
ដោយឡែក សម្រាប់អ្នកទទួលផលទាំងអស់ កម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ជូនគ្រួសារងាយរង ហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ទាំងអស់ នឹងត្រូវបន្តទទួលផលបន្តពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាលើកទី២ តទៅ គឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយប្រើប្រាស់នូវលេខគណនីថ្មី ដែលជូនដំណឹងដោយមូលនិធិជាតិជំនួយសង្គម៕