ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ បានសន្យា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរវាង លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាមួយ លោកស្រី KIM Kyung Hee នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ភាគីទាំងពីរបានសន្យាថា «នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាព អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា (Large Scale Infratructure) សម្រាប់ទុកជាប្រវត្តិសាស្រ្ត (Landmark)នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ»។
ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា កម្ពុជាជាប្រទេសឈនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយ EDCF ។ គិតចាប់ពីឆ្នាំ២០០១ មកដល់ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េបានសន្យាផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជា ១ ៨០០ លានដុល្លារ។
លោកបន្ដថា ផ្តើមចេញពីការសន្យានេះ កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ចខ្មែរ និង EDCF ចំនួន៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុបប្រមាណ ១ ៦០០លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់ គម្រោងអភិវឌ្ឍន៍ចំនួន២៨ និង១កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ផ្អែកតាមវិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន), អប់រំ, សុខាភិបាល, ថាមពល, ធារាសាស្រ្ត, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ៕