ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានថ្លែងប្រាប់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវស្កប់ស្កល់ នឹងលទ្ធផល ដែលអង្គការFATF បានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះ គឺត្រូវបន្ដខិតខំប្រឹងប្រែង ឲ្យកាន់តែខ្លាំងថែមទៀត នូវការប្រយុទ្ធប្រឆាំងបទល្មើសនានា។
ថ្មីៗនេះ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាន នៅទីក្រុងប៉ារីស បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់ ។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក។
ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង មានប្រសាសន៍ថា «អង្គការ FATF សម្រេចឲ្យយើង ចាកចេញពីបញ្ជីប្រផេះ ប៉ុន្ដែយើងមិនត្រូវស្កប់ស្កល់ នឹងលទ្ធផលដែលយើងបានធ្វើនោះទេ យើងត្រូវបន្ដខិតខំប្រឹងប្រែង ឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីជាការពង្រឹងនូវការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន ដែលមានការពាក់ព័ន្ធ ទាំងការវិនិយោគក្នុងស្រុក និងការវិនិយោគក្រៅស្រុក ក៏ដូចជា ភ្ញៀវទេសចរណ៍នានា» ។
សម្ដេច បន្ដថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នេះ កំពុងតែរៀបចំនូវរបាយការណ៍បូកសរុប និងដកពិសោធន៍ ហើយបន្ទាប់ពីនោះទៀត ត្រូវធ្វើការប្រជុំ ដើម្បីប្រមូលមតិយោបល់ ឬក៏ធាតុចូលនានា ហើយដាក់ចេញវិធានការអនុវត្តបន្ដបន្ទាប់ទៀត ដើម្បីធានាថា ធនាគារប្រផេះ ឬក៏ខ្មៅ មិនអាចវិលត្រឡប់មកវិញ ។
ទន្ទឹមនឹងនេះ សម្ដេច ស ខេង បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវធ្វើឲ្យប៉ះពាល់ នាំឲ្យកម្ពុជា ធ្លាក់ទៅបញ្ជីប្រផេះវិញ ព្រោះកម្ពុជា បានធ្លាប់ធ្លាក់ម្ដងរួចទៅហើយ ពី ស ទៅប្រផេះ ហើយឥលូវនេះ ពីប្រផេះ មកស វិញហើយ។ សម្ដេច ថា «នេះជាបទពិសោធន៍ ដែលយើងឆ្លងកាត់ផងដែរ»។
សូមរំលឹកថា ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុង មហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំសន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា៕