នយោបាយ

កម្ពុជាត្រៀមខ្លួនធ្វើការ យ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍន៍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន

ភ្នំពេញ ៖ សម្តេចតេជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយចិន ដើម្បីអភិវឌ្ឍន៍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រនិងធ្វើឱ្យស៊ីជម្រៅ នូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ។​

ការបញ្ជាក់របស់សម្តេចតេជោ​ ហ៊ុន សែន បានធ្វើឡើង តាមរយៈលិខិតចូលរួមអបអរលោក​ស៊ី ​ជីន​ពីង បន្តជាប់ជាប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន ។ ​

យោងតាមលិខិត របស់សម្តេចតេជោ ចេញផ្សាយនៅថ្ងៃទី១០មីនា ឆ្នាំ២០២៣ បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចមានសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរ យ៉ាងស្មោះស្ម័គ្រចំពោះ លោក ស៊ី ជីនពីង ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣ ។

ក្នុងលិខិតសម្តេច បានលើកឡើងថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ លោក ស៊ី ជីនពីង ប្រទេសចិន សម្រេចបាននូវសមិទ្ធផលធំធេង ជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនចិន ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍជា ប្រវត្តិសាស្ត្រលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។

សម្តេចគូសបញ្ជាក់ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម នឹងបន្ត ជំរុញឱ្យប្រទេសចិនសម្រេចនូវសមិទ្ធផល ដ៏វិសេសវិសាលកាន់តែច្រើនថែមទៀត និងបោះជំហានទៅ មុខប្រកបដោយទំនុកចិត្ត ឆ្ពោះទៅសម្រេចគោលដៅ១០០ឆ្នាំ ទី២ ដើម្បីក្លាយជាប្រទេសសង្គមនិយម ទំនើបដ៏អស្ចារ្យ នៅឆ្នាំ២០៤៩ ខណៈដែលដើរតួនាទីកាន់តែសំខាន់ លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក” ។

សម្តចបន្តថាកម្ពុជា និងចិន បាន និងកំពុងទទួលបានការរីកចម្រើន គួរឱ្យកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ និងរក្សាបាន ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ។ ការឯកភាពគ្នា ដែល សម្រេចបានក្នុងអំឡុងកិច្ចប្រជុំរបស់យើង បានបន្ថែមនូវកម្លាំងចលករថ្មីទៀត ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើង ។

សម្តេចតេជោបានគូសសបញ្ជាក់ថា៖” ក្នុងនាមជាមិត្តដែកថែប កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍ “ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍រួមរបស់ ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និង ពិភពលោក”៕

To Top