នយោបាយ

នាយករដ្ឋមន្ត្រីកម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយនាយករដ្ឋមន្ត្រីថ្មី របស់ចិន ដើម្បីប្រជាជន និងប្រទេសទាំងពីរ មានសន្តិភាព ស្ថិរភាព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការល្អ ជាមួយនាយករដ្ឋមន្ត្រី របស់ចិនថ្មីដើម្បីប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព។ ​

ការប្តេជ្ញារបស់សម្តេចតេជោ ហ៊ុន​ សែន ខណៈសម្តេចផ្ញើលិខិត អបអរសាទលោក​លី ឈាង ត្រូវបានតែងតាំង ធ្វើជានាយករដ្ឋមន្ត្រីថ្មី របស់សាធារណរដ្ឋប្រជាមានិតចិន ។​

យោងតា​មលិខិតរបស់សម្តេចតេជោ ហ៊ុន​សែន ផ្ញើទៅកាន់លោក លី  ឈាង ចេញផ្សាយនៅថ្ងៃទី១១ មីនា ឆ្នាំ២០២៣បានលើកឡើងថា”
ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលព័ត៌មានថា ឯកឧត្តម ត្រូវបានតែងតាំងជានាយករដ្ឋមន្តី នៃសាធារណរដ្ឋប្រជាមានិតចិន”។

សម្តេចបន្តថា ” ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមសម្តែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុតជូន ឯកឧត្តម ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ និងសូមជូនពរបវរមហាប្រសើរ ឱ្យទទួលបានជោគជ័យធំធេងថែមទៀតជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន” ។

ក្នុងលិខិតសម្តេចលើកឡើងថា “ការតែងតាំង ឯកឧត្ដម ក្នុងតួនាទីដ៏ឧត្តុង្គឧត្តម និងមានសារសំខាន់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការជឿជាក់ និងទំនុកចិត្ត ដែលរដ្ឋាភិបាល និងប្រជាជនចិន មានចំពោះ ឯកឧត្តម​” ។​

ស​ម្តេចបញ្ជាក់ថា៖” ខ្ញុំជឿជាក់យ៉ាង មុតមាំថា តាមរយៈភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព និងបទពិសោធន៍ច្រើនឆ្នាំរបស់ ឯកឧត្តម ប្រទេសចិននឹងសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ យូរអង្វែងរបស់ខ្លួន ជំរុញភាពរុងរឿងដ៏អស្ចារ្យ និង ដើរតួនាទីកាន់តែសំខាន់ថែមទៀត នៅលើឆាកអន្តរជាតិ” ។

សម្តេចបានលើកឡើងទៀតថា “ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទនងការទូត ជា ប្រពៃណី យូរអង្វែង ដែលបាន និងកំពុងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត ខ្ញុំសូមធានាជាថ្មីជូន ចំពោះ ឯកឧត្តម នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន សំដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្ររបស់យើង ពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍ ទៅវិញទៅមករបស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក” ៕

To Top