គៀវ៖ ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានឲ្យដឹងថា កងកម្លាំងរបស់លោក នៅជិតកណ្តាលនៃទីក្រុងជម្លោះជួរមុខ Bakhmut ដោយទាមទារគ្រាប់រំសេវបន្ថែមទៀតពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃសៅរ៍ លោក Yevgeny Prigozhin ត្រូវបានគេឃើញឈរនៅលើដំបូល នៃអគារខ្ពស់មួយនៅក្នុងអ្វីដែលលោកអះអាងថាជាទីក្រុង Bakhmut ។
លោក Prigozhin បានឲ្យដឹងនៅក្នុងវីដេអូដោយចង្អុលទៅអគារមួយនៅពីចម្ងាយថា “នេះគឺជាអគាររបស់រដ្ឋបាលក្រុង នេះគឺជាមជ្ឈមណ្ឌលនៃទីក្រុង Bakhmut” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
លោក Prigozhin ដែលស្លៀកសម្លៀកបំពាក់ពេញលក្ខណៈយោធាបានលើកឡើងថា វាមានចម្ងាយមួយជាងគីឡូម៉ែត្រ។ យ៉ាងណាមិញកាសែត Al Jazeera មិនអាចផ្ទៀងផ្ទាត់ទីតាំងដែលថតបាននោះទេ។
ដោយនិយាយខណៈពេល ដែលកាំភ្លើងធំបានផ្ទុះឡើងនៅក្នុងផ្ទៃខាងក្រោយលោក Prigozhin បាននិយាយថាអ្វីដែលសំខាន់បំផុតឥឡូវនេះគឺត្រូវទទួល បានគ្រាប់រំសេវបន្ថែមទៀតសម្រាប់កងទ័ពដើម្បីឆ្ពោះទៅមុខ” ។ លោកថា កងកម្លាំងរបស់លោកត្រូវការគ្រាប់រំសេវចំនួន ១០០០០ តោនក្នុងមួយខែសម្រាប់ការប្រយុទ្ធនេះ។
ក្រុមទាហានស៊ីឈ្នួល Wagner បាននិងកំពុងដឹកនាំការវាយលុកប្រឆាំងនឹងទីក្រុងនានានៅភាគខាងកើតអ៊ុយក្រែន រួមទាំងទីក្រុង Bakhmut ដែលជាការប្រយុទ្ធដ៏យូរបំផុត និងបង្ហូរឈាមបំផុតនៃការវាយលុករយៈពេលមួយឆ្នាំរបស់រុស្ស៊ី។ ភាគីទាំងពីរបានរងការខាតបង់យ៉ាងខ្លាំងសម្រាប់ទីក្រុងមួយនេះ៕
ប្រែសម្រួល ឈូក បូរ៉ា