ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បង្ហាញនូវសមិទ្ធផល សំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំ ២០២២

កំពង់ចាម៖ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ មួយចំនួនដែលសម្រេចបានក្នុង ឆ្នាំកន្លង ទៅ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗមួយចំនួនដែលយើងបានខិតខំរួមគ្នាពុះពារសម្រេច បានក្នុងឆ្នាំកន្លងទៅដែល មានជាអាទិ៍៖

ទី១ ៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានបន្តសហការ នឹងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងការគាំទ្រការចូលរួម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការ បង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្តកាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាមួយគ្នានេះការងារបង្ក្រាបបទល្មើស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាវិធានការបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសស្រាក់ស និងទទួលបានការគាំទ្រ ការចូលរួមកាន់ តែច្រើនពីសាធារណជន ការគ្រប់គ្រងវត្តមានជនបរទេសអន្តោប្រវេសន៍ ក៏ត្រូវបានយកចិត្តទុកដាក់ជាបន្ថែម ទៀត និងកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ទី២ ៖ដោយឡែកពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២២ មានចំនួន ២០៩គម្រោង ក្នុងនោះ ប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ចំនួន ២៣ គម្រោង ដោយបានរៀបចំកិច្ចលទ្ធកម្ម និងចុះកិច្ចសន្យាទាំង២៣ គម្រោង និងបានអនុវត្តបញ្ចប់គម្រោង ១០០% ចំនួន ២៣គម្រោង។ មូលនិធីក្រុង-ស្រុក គម្រោងមូលនិធិក្រុង-ស្រុកបានចំនួន ៤៩គម្រោង។ គម្រោងទាំងនោះត្រូវបានពិនិត្យលើភាពត្រឹមត្រូវនៃសំណើគម្រោង និងសម្របសម្រួលជាមួយ មន្ទីរជំនាញដើម្បីពិនិត្យបញ្ជាក់បច្ចេកទេសដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។ មូលនិធិឃុំ-សង្កាត់ ចំនួន ១៣៧គម្រោង ដោយមានការជួយសម្របសម្រួលសិក្សារៀបចំឯកសារនានា ពីមន្ត្រីគាំទ្របច្ចេកទេស និងទីចាត់ការផែនការ និងវិនិយោគ ត្រូវបាន ពិនិត្យលើភាពត្រឹមត្រូវនៃសំណើគម្រោង និងសម្របសម្រួលជាមួយមន្ទីរជំនាញ ដើម្បីពិនិត្យបញ្ជាក់ បច្ចេកទេសដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។ជាលទ្ធផល គម្រោងទាំង ១៣៧គម្រោង បានបញ្ចប់កិច្ចសន្យាបានចំនួន ៣៥ គម្រោង,បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ១៣៣គម្រោង កំពុងអនុវត្តចំនួន ២គម្រោង និងមិនទាន់បានអនុវត្តចំនួន ២គម្រោង។

ទី៣ ៖ ការផ្តល់សេវាសាធារណៈអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងការិយាល័យច្រកចេញចូល តែមួយក្រុង -ស្រុក បានលើកកម្ពស់គុណភាព ប្រសិទ្ធភាពរហ័ស តម្លាភាព និងគណនេយ្យភាព តាមរយៈ ការប្រមូលផ្ដុំការផ្តល់ សេវារដ្ឋបាល លើវិស័យនានា នៅនឹងកន្លែងតែមួយធានានូវ ការបង្ខិតសវាកៀក នឹងជិតប្រជាពលរដ្ឋ។ ជាក់ស្តែង អង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្ត បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣២.៨៩៥ សេវា និងចំនួន ១៩០.៦២៤សវា នៅតាមការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក។

ទី៤ ៖ ការដោះស្រាយសំណើរសំណូមពរ របស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែង ដោះស្រាយសំណើរ សំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋានដែលប្រជាពលរដ្ឋបាន លើកឡើងតាមរយៈ វេទិការរបស់ ក្រុមប្រឹក្សាខេត្ត និងការចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងការតាមរយៈ បណ្តាញសង្គម។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខ្ញុំលើកទឹកចិត្ត លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាតផ្តល់នូវការគាំទ្រ និងចូលរួមខិតខំអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីពិភាក្សាឲ្យបានផុលផុស អំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅការងារឆ្នាំ ២០២៣ នេះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

To Top