ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់មន្ដ្រី នគរបាលជាតិទាំងអស់ ត្រូវទប់ស្កាត់ និងការពារ រាល់ការប៉ុនប៉ងចង់បំផ្លាញកម្ពុជា ពីសំណាក់ក្រុមឧបបាយកល ពួកអគតិជ្រុលនិយម ។

ក្នុងពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ ឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវថែរក្សា និងការពារនិរន្ដរ៍ ព្រះមហាក្សត្រ ហ្លូងម៉ែ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលយាង និងអញ្ជើញបំពេញការងារប្រចាំថ្ងៃ។

នាយឧត្តមសេនីយ៍ថ្លែងថា «អ្វីដែលកាន់តែសំខាន់ទៀតនោះ គឺទប់ស្កាត់ និងការពាររាល់ការប៉ុនប៉ង ចង់បំផ្លាញកម្ពុជា ពីសំណាក់ក្រុមឧបបាយកល ពួកអគតិជ្រុលនិយម ហើយយើងមិនត្រូវឲ្យអ្នកណាមកបំផ្លាញសន្ដិសុខភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនេះបានឡើយ ដូច្នេះកងកម្លាំងអនុវត្តច្បាប់ ត្រូវតែពង្រឹងសមត្ថភាពឲ្យខាងតែបាន»។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏ឲ្យនគរបាល យកចិត្តទុកដាក់បម្រើសេវា និងក្ដីកង្វល់របស់ប្រជាពលរដ្ឋ ក្នុងនោះបទល្មើសព្រហ្មទណ្ឌ, ចរាចរណ៍, គ្រឿងញៀន ត្រូវតែកាត់បន្ថយកុំឲ្យកើតមានឡើង ។ លើសពីនេះ ត្រូវធានាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត ។ ដោយឡែក បញ្ហាគ្រឿងញៀន និងចរាចរណ៍ ត្រូវបន្ដជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ខណៈកម្លាំងនគរបាលត្រូវរក្សាឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់។

នាឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងថា នៅក្នុងឆ្នាំ២០២៣ នេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលត្រូវដំណើរការ ដោយក្នុងនោះរួមមាន ៖ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលទីតាំងប្រកួតមាន៥រាជធានី-ខេត្ត, ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយកងកម្លាំងដែលត្រូវឈរជើង ត្រូវតែថែរក្សា និងការពារនិរន្ដរ៍ ព្រះមហាក្សត្រ ហ្លូងម៉ែ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលដែលយាង និងអញ្ជើញបំពេញការងារប្រចាំថ្ងៃ៕
