ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺ ព្រះចន្ទពេញបូរណ៌មី»។
ភាពយន្តបែបប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។
ភាពយន្តភាគរឿងកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិន ដំណើរជីវិតពិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាល នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែន ចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។
ខ្សែភាពយន្តនេះ បានបង្ហាញពីខ្សែជីវិតតស៊ូ របស់សម្តេចតេជោ ពីកុមារភាពត្រូវចាកចេញពីមាតាបិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែងរកការសិក្សា រៀនសូត្រ នៅរាជធានីភ្នំពេញ ដោយស្នាក់អាស្រ័យ ជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត។
ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះ មានប្រមាណ៥២ភាគ ចំណាយពេលវេលាថតរយៈពេលជាងមួយឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗ ចំនួន១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែង ក្នុងឈុតឆាកធំៗ ៕