ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បន្ដិចទៀតនឹងមានអ្នក(សម រង្ស៊ី)ច្រណែន ក្រោយឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក មានអ្នកភ្ជាប់ច្រើនជាងគេ ខណៈសម្ដេចថា ឆាណែលតេឡេក្រាមរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក Zalensky បានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក។
លោក សម រង្ស៊ី ធ្លាប់បានចោទប្រកាន់សម្តេចតេជោ អំពីការប្រើប្រាស់ហ្វេសប៊ុកថា សម្តេចបានទិញចំនួនជួយឡាច(Like)ពីក្រុមហ៊ុនទើបមានអ្នកចូលចិត្តច្រើន តែការពិតមិនដូចការចោទប្រកាន់ឡើយ ព្រោះផេកហ្វេសប៊ុកសម្តេច មានចូលចិត្តដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំនោះទេ ខណៈនាពេលនោះ និងបច្ចុប្បន្នផេកហ្វេសប៊ុករបស់ អតីតមេបក្សប្រឆាំងបានធ្លាប់ អ្នកចូលចិត្តយ៉ាងគំហុក ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ បានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ប្រកាសស្វាគមន៍ដល់អ្នកភ្ជាប់ ឆាណែលតេឡេក្រាមរបស់សម្ដេច រាប់ទាំងក្រុមប្រឆាំងផងដែរ ដើម្បីតាមដានព័ត៌មាន។
សម្ដេចតេជោបញ្ជាក់ថា «ឆាណែលតេឡេក្រាមរបស់ខ្ញុំ គឺជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ហើយឥឡូវនេះ តិចទៀត មានអ្នកអាចេញច្រណែនទៀត ។ អានោះ គ្រាន់តែលេងហ្វេសប៊ុកចាញ់ខ្ញុំ ក៏រករឿងខ្ញុំដែរ។ ឥឡូវ ឆាណែលតេឡេក្រាមរបស់ខ្ញុំ មាន ៦១៧ ២២០(ចូលភ្ជាប់) គិតត្រឹមម៉ោងហ្នឹង។ អ្នកដែលច្រើនជាងខ្ញុំ មានជាង៩០ម៉ឺននាក់ គឺប្រធានាធិបតីអ៊ុយក្រែន»។
សម្ដេចជោបន្ដថា ឆាណែលតេឡេក្រាមរបស់ ប្រធានាធិបតីអ៊ុយក្រែន មានភ្ជាប់រហូតដល់ជាង ៩០ម៉ឺននាក់នោះ ដោយសារអ៊ុយក្រែន មានសង្គ្រាម ហើយប្រជាពលរដ្ឋភ្ជាប់ឆាណែលតេឡេក្រាម ជាមួយ ប្រធានាធិបតីអ៊ុយក្រែននេះ ដើម្បីតាមដានព័ត៌មាន។
ឆ្លៀតឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា ឆាណែលតេឡេក្រាមរបស់ សម្ដេច នឹងចាក់ផ្សាយភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជូនដល់ប្រជាពលរដ្ឋបានទស្សនា ព្រមគ្នាជាមួយនឹងការចាក់ផ្សាយ នៅលើទូរទស្សន៍បាយ័ន១គត់ ក្នុងពេលឆាប់ៗនេះ៕