ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៃរដ្ឋសភានីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ឲ្យរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តមុនីជីខលើ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានថ្លែងថា «អំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៃរដ្ឋសភានីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ»។
ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្ដីទី បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តឱ្យបានល្អនូវការងារមួយចំនួន ដូចជា៖ ខិតខំថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គមក្នុង ការគ្រប់មូលដ្ឋានទាំងអស់ឱ្យបានរឹងមាំជានិច្ច កាត់បន្ថយឱ្យបានជាអតិបរមានូវអំពើអសកម្មទាំងឡាយ ដើម្បីធានាឱ្យប្រជាជនបានរស់ដោយសុខក្សេមក្សាន្តទាំងខាងផ្លូវកាយ និងផ្លូវចិត្ត។
សម្តេចប្រមុខរដ្ឋស្ដីទី បន្ដថា អាជ្ញាធរ ត្រូវផ្តល់សេវាជូនប្រជាជនដោយគ្មានការរើសអើង ប្រកបដោយតម្លាភាព គុណភាព គណនីយភាព ប្រសិទ្ធភាព និងឆាប់រហ័ស ហើយត្រូវសហការជាមួយស្ថាប័ន ដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅគ្រប់មូលដ្ឋាន ជាពិសេស ខិតខំគៀងគរ សប្បុរសជនក្នុងតំបន់ និងក្រៅតំបន់ចូលរួមពង្រឹង និងពង្រីកវិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដោយឡែកក៏សូមចូលរួមយកចិត្តទុកដាក់ថែរក្សា ការពារព្រះវិហារថ្មី និងសមិទ្ធផលនានា ដែលបានសម្ពោធដាក់ ឲ្យប្រើប្រាស់នាពេលនេះ ឱ្យបានគង់វង្សទុកជាសម្បត្តិ គរុភ័ណ្ឌរបស់វត្ត សម្រាប់ធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា ជាយូរអង្វែងតរៀងទៅ។
ជាងនេះទៅទៀត សម្តេចប្រមុខរដ្ឋស្ដីទី ក៏បានណែនាំបន្ថែមដល់អាជ្ញាធរ ត្រូវសហការជាមួយ អង្គភាពដែលបោះទីតាំងនៅក្នុងស្រុកស្រែអំបិល រួមគ្នាការពារទ្រព្យសម្បត្តិរដ្ឋ ការពារធនធានធម្មជាតិ ទុកប្រើប្រាស់ឱ្យ បានយូរអង្វែង និងទុកជាមរតកសម្រាប់ប្រទេសជាតិ និងសម្រាប់កូនចៅគ្រប់ ជំនាន់តរៀងទៅ និងបន្តចាក់វ៉ាក់សាំងតាមការ ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនកុំបីមានការធ្វេស ប្រហែសឡើយ៕