ព័ត៌មានជាតិ

ស្ត្រីជាង៣៣% នៅរដ្ឋបាលរាជធានី កំពុងដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការជានារី ចំនួន៩៤នាក់ ដែលបាននឹងកំពុងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

នេះជាការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក និងលោកស្រី ព្រមទាំងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគា្នរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ច អភិវឌ្ឍក្នុងយុគសម័យឌីជីថល” ដែលជាប្រធានបទមួយ មានគោលបំណងរំលេច ពីតម្លៃសុខសន្តិភាព ដែលនាំឱ្យមានការ លើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍក្នុងយុគសម័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងជា សារបង្ហាញឱ្យឃើញ កាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ គាំពារ ថែរក្សា លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូននារី ដែលជាដៃគូ មិនអាចខ្វះបាន ក្នុងដំណើរការ ស្តារ កសាង និងអភិវឌ្ឍជាតិមាតុភូមិ ព្រមទាំងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ៣ ឆ្នាំ កន្លងមកនេះ។

ក្នុងនោះទៀតសោត លោក ឃួង ស្រេង ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលបងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចពិសេសការ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច ដោយមិន ខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើន ក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ យុទ្ធនាការចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេង។

គួរឲ្យដឹងថា ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើងក្នុងគោលបំណង រំលឹកវិញនូវគំរូវីរភាពរបស់ បងប្អូននារី ដែលបានតស៊ូរើបម្រះ និងពុះពារគ្រប់ឧបសគ្គ ដើម្បីរំដោះខ្លួនចេញផុត ពីការជិះជាន់ និងការរើសអើងនៅ ក្នុងសង្គម រហូតសម្រេចបានជោគជ័យ ទទួលបានសិទ្ធិ-សេរីភាព នឹងបានធ្វើឱ្យមានសមភាពរវាងបុរស និងស្ត្រីទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ បច្ចុប្បន្ននេះ នារីនៅតជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ តាមរយៈសមត្ថភាពដឹកនាំរបស់នារី ជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និងឯកជន ។

លោក ឃួង ស្រេង បានបញ្ជាក់ថា នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខ័ណ្ឌសរុបចំនួន ២៨១ នាក់ ក្នុងនោះ នារីមានចំនួន ៩៤ នាក់ ស្មើនឹង ៣៣,៥% កំពុងកាន់មុខតំណែងជាច្រើន និងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត៕

To Top