ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ក្នុងពិធីសមោ្ពធសមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ នៅខេត្តបាត់ដំបង នាថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារ ទីបញ្ជាការ និងសមិទ្ធផលនានា ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ ។ ក្នុងរយៈកាលជាង ២០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០២ កងពលតូចថ្មើរជើងលេខ៥២ និងបណ្តាកងឯកភាពចំណុះ ពិតជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់គួរជាទីមោទនៈ ជាពិសេសនៅក្រោម ការយកចិត្តទុកដាក់ ផ្ទាល់ពីសំណាក់សម្តេចទាំងទ្វេ ។ មួយវិញទៀត វឌ្ឍនភាពទាំងនេះ ក៏មិនអាចកាត់ផ្តាច់បានឡើយ ពីការជួយឧបត្ថម្ភរបស់ក្រសួង-ស្ថាប័ន ស៊ីវិលជាអង្គភាព សម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា ក៏ដូចជាការខិតខំប្រឹងប្រែង ចូលរួមចំណែកប្រកបដោយ ការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាព រឹងមាំលើគ្រប់វិស័យ។
លោក បានបន្តថា ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជា សន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាព រស់នៅប្រកប ដោយភាពសុខសាន្ត របស់ប្រជាជន ត្រូវបានរក្សា ការពារយ៉ាងគត់ មត់ដោយកម្លាំងជាតិ ទាំងមូល ដែលបានរួមសាមគ្គី យ៉ាងរឹងមាំជុំវិញ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួម ចំណែកមិនអាចខ្វះ បានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំង ប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។
លោកមេបញ្ជាការកងទ័ពជើងគោក ក៏សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៥ និងកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន -កងឯកភាពចំណុះយោធភូមិភាគទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិក្នុង ភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈ ព្រមជាមួយ នឹង ការបំពេញកិច្ចសហការ ជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាព បានល្អប្រសើរ ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈ នៃគ្រោះមហន្តរាយធម្មជាតិ និង ការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមកនេះ។
លោក ចាត់ទុកថា យោធភូមិភាគទី៥ គឺជាតំបន់ដែលមានប្រវត្តិញាំញីដោយសង្គ្រាមក្តៅជាងគេ ដែលជាហេតុនាំ ឱ្យមានអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជនពលីច្រើន។ មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជាប់ជាប្រចាំលើសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន សំដៅធ្វើយ៉ាងណារក្សា ឱ្យបាននូវទំនាក់ទំនងជាប់ជិតដិត និងកក់ក្តៅជាមួយកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចប់ភារកិច្ចចេញពីជួរ ពីព្រោះនេះ គឺជាជាគុណធម៌ និងការសម្តែងនូវការដឹង គុណចំពោះគុណូបការៈ ដែលអ៊ំពូមីងអតីតយុទ្ធជនបានលះបង់ក្នុង បុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។
លោកម៉ាណែត បន្ថែមថា សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងអំឡុង ពេលព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣ នេះ ជាអាទិ៍៖ ព្រឹត្តិការណ៍កីទ្បាអាស៊ានហ្គេម និងប៉ារ៉ាហ្គេម ដែលជាឱកាសនាំមក នូវមោទកភាពជាតិ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការលើកស្ទួយកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ និងសាកលលោក ព្រមទាំងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុង បរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ ៕