ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះ បណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់ សមត្ថភាព និងទទួលបានការងារធ្វើជាមួយបៀវត្សខ្ពស់។
នាឱកាសអញ្ជើញបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោថ្លែងថា គ្រប់កិច្ចអភិវឌ្ឍន៍ រួមមាន៖ សកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឲ្យមានការចូលរួមជាអតិបរមារ បស់ជនមានពិការ ភាពនៅកម្រិតសហគមន៍ឲ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ។
សម្ដេចតេជោបន្ដថា ការបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល ត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ ។
សម្ដេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តឲ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយបៀវត្សខ្ពស់ ក៏ដូចជាធ្វើឲ្យជនមានពិការភាពអាចចូលរួមកាន់តែច្រើនពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ»។
លើសពីនេះ សម្ដេចតេជោក៏បានលើកទឹកចិត្តបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងអំពាវនាវឲ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ហ្សាកាតា ស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៣-២០៣២ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាព ទាំងក្នុងប្រទេស តំបន់និងសកល៕