ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ចរចា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបានសុខសន្តិភាព។
ក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោបានលើកឡើងថា បច្ចុប្បន្នបញ្ហាប្រឈម ផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ បាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមានពិការភាព និងជនងាយរងគ្រោះដទៃទៀត ផងដែរ។
សម្ដេចតេជោបន្ដថា ខណៈវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុង មានការលេចចេញនូវ ការប្រណាំងប្រជែងរបស់មហាអំណាច ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវ ធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។
សម្ដេចតេជោបន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ព្រមទាំងការលើកកម្ពស់ការអនុវត្តយន្តការអន្តរជាតិ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព។
សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា «ចំពោះបញ្ហាសង្គ្រាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ ដែលអាចចងក្រង ជាប្រវត្តិសាស្រ្ត ហើយជាការពិត សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ។ ក្នុងន័យនេះ មានតែការដោះស្រាយ ជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវ សុខសន្តិភាព ប្រកបដោយចីរភាព»៕