ភ្នំពេញ ៖ រដ្ឋបាលខេត្តតាកែវ បានអះអាងថា គ្មានករណីយកពូថៅ កាប់ទៅលើទ្វារកញ្ចក់ រថយន្តនារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នោះទេ ។ ការអះអាងក៏ដូចជាការបដិសេធនេះ ក្រោយមានការផ្សាយ តាមហ្វេសប៊ុកភ្ជាប់រូបភាព កាប់កញ្ចប់រូបទ្វាររថយន្តមួយសន្លឹកថា “ម្តុំផ្សារសំរោងយ៉ាង ខេត្តតាកែវ នាថ្ងៃ១៤ មីនា” ។

តាមបកស្រាយរបស់រដ្ឋបាលខេត្ត ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ នាថ្ងៃ១៥ មីនា គឺថ្មីៗនេះមាន គេហទំព័រហ្វេសប៊ុកមួយចំនួន ជាពិសេសគេហទំព័រ ហ្វេសប៊ុករបស់ក្រុមប្រឆាំង បានផ្សព្វផ្សាយព័ត៌មានមួយ ចំនួនពាក់ព័ន្ធនឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ខេត្តតាកែវ ដែលជាព័ត៌មាន មិនពិតគ្មានមូលដ្ឋាន ច្បាស់លាស់ មានចរិកភូតកុហក បោកប្រាស់ ញុះញង់ បំភ្លៃ ខុសពីការពិតក្នុងគោលបំណងទាញយកប្រយោជន៍ សម្រាប់ក្រុមខ្លួន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ និងបាត់បង់ជំនឿចិត្តលើអាជ្ញាធរ។
លិខិតបន្តថា ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានគេហទំព័រនិង គណនីហ្វេសប៊ុកមួយចំនួនបានយក រូបភាព និងព័ត៌មានដែលបានកើតឡើង តាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភ្នំសំពៅ ខេត្តបាត់ដំបង មកផ្សព្វផ្សាយបំភ្លៃថា ជារឿងដែលកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅភូមិសាស្ត្រផ្សារសំរោងយ៉ាង ស្រុកបាទី ខេត្តតាកែវ ទៅវិញ។

រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិកញុះញង់ បំភ្លឺខុសពីការពិត នាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីប្រយុទ្ធ ប្រឆាំងនឹង ព័ត៌មានក្លែងក្លាយ និងធានាបាននូវស្ថេរភាពសង្គម ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
