ព័ត៌មានជាតិ

សម្តេចតេជោ៖ ត្រូវតែជួសជុល ព្រះរាជដំណាក់នៅសៀមរាប អស់ប៉ុន្មានក៏ត្រូវតែធ្វើ ក្រោយឆាបឆេះ

ភ្នំពេញ៖ ជានឹងការច្រានចោល ចំពោះការចោទប្រកាន់ ទាំងឡាយរបស់ក្រុមប្រឆាំងថា ការឆេះព្រះរាជដំណាក់នៅក្រុងសៀមរាប ខេត្តសៀមរាប ជាគម្រោងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី បានបញ្ជាឲ្យមានការជួសជុល ក៏ដូចជាការសាងសង់ ព្រះរាជដំណាក់តូចនេះឡើងវិញ ទោះបីជាអស់ថវិកាប៉ុន្មានក៏ត្រូវតែធ្វើដែរ ដើម្បីឲ្យពួកប្រឆាំងភ្លឺភ្នែក ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យបៀប្រាយ (BBU) នាថ្ងៃ១៦ មីនា សម្តេចតេជោបានសម្តែងការសោកស្តាយ ចំពោះការឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប និងច្រានចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំង ឬក្រុមទមិឡអត់សាសនាដែលថា ជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ។ ដោយសម្តេចបានគូសបញ្ជាក់ «ខ្ញុំសូមថ្វាយបារមីព្រះអង្គចេក ព្រះអង្គចមថា អ្នកណាបកស្រាយខុស សូមឲ្យបារមីកុំត្រាប្រណីឲ្យពួកតិរិច្ឆាន និងអ្នកបកស្រាយហ្នឹងឲ្យសោះ»។

សម្តេចបានបន្តថា អ្នកដែលបកស្រាយចោទប្រកាន់រដ្ឋាភិបាលនោះ បើនៅក្នុងស្រុកវិញ និងចាប់វៃខ្នោះជាមិនខាន ប៉ុន្តែនៅក្រៅប្រទេសបានជាហ៊ាននិយាយ។ ករណីឆាបឆេះអគ្គិភ័យនេះកើតឡើង គ្រប់ពេលដូច្នេះប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានគ្រប់ពេលវេលា។

សម្តេចថា «វាទៅ ជារដ្ឋាភិបាលជាអ្នកដុត វាទៅជាគណបក្សប្រជាជនកម្ពុជាជាអ្នកដុត។ អីចឹងទេ ឥឡូវ យើងអត់មានធ្វើអីកើតទេ អានេះ វានៅក្រៅប្រទេស បានវាហ៊ាននិយាយ បើនៅក្នុងប្រទេស វាយខ្នោះ ហ្អែងយកម៉ង់ ហ្អែងមានភស្តុតាងមកពីណា»។

ឆ្លើយតបនឹងការចោទប្រកាន់ រឿងឆេះព្រះរាជដំណាក់នៅសៀមរាប សម្តេចតេជោ បានដាក់សំណួរថាតើការឆេះសារមន្ទីរ នៅទីក្រុងបារីសប៉ុន្មានឆ្នាំមុនមានតម្លៃប្រមាណជាង ៨០០លានដុល្លារ ហើយមានអាយុជាង ៨០០ឆ្នាំ តើប្រធានាធិបតីម៉ាក្រុងទទួលខុសត្រូវយ៉ាម៉េច? គេអាចចាប់គាត់ឲ្យចុះពីដំណែងទេ? ។ ចំពោះសំណើជួសជុលពីក្រសួងព្រះបរមរាជវាំង សម្តេចតេជោបានឲ្យដឹងថា ការឆេះនេះ ជាផ្នែកមួយនៅព្រះរាជដំណាក់ធំ ប៉ុន្តែយ៉ាងណាត្រូវតែងធ្វើការ ជួសជុលសាងសង់ឡើងវិញ ហើយកុំឲ្យ មានការនិយាយហួសអ្វីដែលលើសពីការកើតឡើង។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានឲ្យសម្តេច គង់ សំអុល ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ពន្លឿនការជួសជុលព្រះរាជដំណាក់ឲ្យបានឆាប់ ចំពោះរឿងលុយកាក់កុំខ្វល់មិនថាអស់ប៉ុន្មានទេ ត្រូវតែធ្វើព្រះរាជដំណាក់នេះ។ សម្តេចបានឲ្យដឹងថា ព្រះរាជដំណាក់ដែលឆេះ គឺជាព្រះរាជដំណាក់របស់ ព្រះបរមរតនកោដ្ឋដោយព្រះគង់នៅទីនោះ ដើម្បីដឹកនាំតំបន់ស្វយ័ត និងយកជាមូលដ្ឋាន តស៊ូទាមទារឯករាជ្យ ចេញពីអាណានិគមនបារាំង។

សម្តេចតេជោគូសបញ្ជាក់ថា «តំបន់នេះគឺជាតំបន់ប្រវត្តិសាស្ត្រអីចឹងទេ យើងមិនអាចឲ្យបាត់បង់ឡើយ”។

សម្តេចបានឲ្យដឹងថា នៅថ្ងៃទី២០ មីនាខាងមុខនេះ សម្តេចនិងព្រះមហាក្សត្រ នឹងសម្តេចយាងទៅសៀមរាបដែរ ដើម្បីទៅទទួលភ្លើងនៅប្រាសាទអង្គវត្ត នាថ្ងៃ២១ មីនា សម្រាប់បើកការប្រកួតកីឡាស៊ីហ្គេម ។

សូមជម្រាបថា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានអគ្គិភ័យបានឆាបឆេះ អគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ធំក្នុងខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង ) ៕

To Top