ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំពីការរៀបចំប្រឡង ជ្រើសរើសសិស្សពូកែ ដើម្បីពង្រឹងគុណភាពអប់រំ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីការប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស នៅតាមគ្រឹះស្ថាន មធ្យមសិក្សាចំណេះទូទៅ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសីសធម៌ ព្រមទាំងចំណេះដឹងខ្ពស់ ។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំថ្មីៗនេះ បានឲ្យដឹងថា មន្ទីរអប់រំ រាជធានី-ខេត្ត ត្រូវម្ចាស់ការរៀបចំការ ប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំខែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និង ថ្នាក់ទី១២ ដែលនឹងប្រព្រឹត្តទៅ នៅក្នុង សប្ដាហ៍ទី១ ខែមេសា ដើម្បីដណ្ដើមជ័យលាភី ថ្នាក់រាជធានី ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ ក្នុងតារាងបែងចែក ជូនភ្ជាប់មកជាមួយនេះ រួចបញ្ចូនបេក្ខភាព មកចូលរួមប្រឡងជ្រើសរើស សិស្សពូកែទូទាំងប្រទេស ។

ក្រសួងបន្ដថា មន្ទីរអប់រំ រាជធានី-ខេត្ត ត្រូវបែងចែកចំនួនបេក្ខជន ចូលរួមប្រឡងជ្រើសរើស សិស្សពូក ប្រចាំរាជធានី ខេត្ត ទៅតាមគ្រឹះស្ថាន មធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន តាមសមាមាតចំនួន សិស្សជាក់ស្ដែង តាមមុខវិជ្ជា តាមកម្រិតថ្នាក់។ ចំពោះគ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅឯកជនដែលមាន សិស្សតិចជាង ១០០នាក់ ត្រូវផ្ដល់ចំនួនបេក្ខជនយ៉ាងតិច ១នាក់ក្នុងមួយមុខវិជ្ជា ក្នុងមួយកម្រិតថ្នាក់ ប៉ុន្តែករណីនេះ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅឯកជននោះ ត្រូវបង់ថវិកាចំនួន ៤០០០០រៀល ក្នុងបេក្ខជន១នាក់ ជូនមន្ទីរអប់រំដើម្បីរៀបចំការប្រឡង។

ក្រសួងបន្ថែមថា ដោយឡែកវិទ្យាល័យអនុវត្ត នៃវិទ្យាស្ថានជាតិអប់រំ ត្រូវចូលរួមប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជធានី-ខេត្ត ជាមួយគ្រឹះស្ថានមធ្យមសិក្សានានា ក្រោមឱវាទមន្ទីរអប់រំ ។ ចំពោះ ប្រធានវិញ្ញាសាប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជធានី ខេត្ត ជាសមត្ថកិច្ចរបស់មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្តសាមី ៕

To Top