ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុក ពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) តាមរយៈប្រព័ន្ធវីដេអូ ។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា សមិទ្ធផលជាប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយនេះ ត្រូវបានផ្តួចផ្តើម និងបង្កើតស្រប តាមយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជា ចូលទៅក្នុងតំបន់និងពិភពលោក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
លោករដ្ឋមន្ត្រី បន្តថា ជាលទ្ធផល ភាគីទាំងពីរបានឯកភាព និងចុះហត្ថលេខាលើលក្ខន្តិកៈយោងនៃការបង្កើតកិច្ចព្រមព្រៀង Cambodia-UAE CEPA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយបានប្រកាសបើកការចរចាជុំទី១ នៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ។ បន្ទាប់មក ភាគីទាំងពីរបានរៀបចំការចរចាជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និង ការចរចាជុំទី៣(ជុំចុងក្រោយ) នៅថ្ងៃទី២0-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាត អារ៉ាប់រួម ប្រកបដោយ សមិទ្ធផល ជាផ្លែផ្កាគួរជាទីមោទនៈ។ ការចរចានេះ បានដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្ម សម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជ កម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្ម សម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ដោយទទួលស្គាល់ពីថាមវ័ន្ត សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប្រទេសកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងអាចទាញ យកអត្ថប្រយោជន៍ ជាអតិបរមាក្រោម ក្របខណ្ឌនេះ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ប្រជាជននៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា។
លោករដ្ឋមន្ត្រី លើកឡើងទៀតថា កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ គ្របដណ្តប់លើពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម ឧបាស្រ័យ ពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្មសេវា ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម តម្លាភាព យន្តការដោះស្រាយវិវាទ អញត្រកម្ម រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និង អវសានប្បញ្ញត្តិ។ ក្នុងនោះដែរ ទំនិញកសិកម្មនិង ឧស្សាហកម្មសក្តានុពល ដែលកម្ពុជានឹងទទួលបានទីផ្សាររួមមាន៖ អង្ករ, បន្លែ, ចេក, ស្វាយចន្ធី, ស្វាយ, ពោត, ម្រេច, ធុរេន, នំធ្វើពីអង្ករ, ដំណាប់ផ្លែឈើ, កង់, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀកបំពាក់ជាដើម។-ល-។ រីឯទីផ្សារសេវាដែលកម្ពុជាទទួលបានសំខាន់ៗរួមមាន៖ សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន។-ល-។
គួរបញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសបញ្ចប់ ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងពន្លឿននីតិវិធីបន្ត ដើម្បីអាចឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏សំខាន់នេះ តាមកាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ ៕