ព័ត៌មានជាតិ

អូស្រ្តាលី នឹងបន្តឈរជាមួយកម្ពុជា​ គាំទ្រការងារបោសសម្អាតមីន រហូតដល់ឆ្នាំ២០២៥

ភ្នំពេញ៖ លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា អូស្រ្តាលី នឹងបន្តឈរជាមួយ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌ រហូតដល់ឆ្នាំ២០២៥ និងរីករាយក្នុងភាពជាដៃគូ និងកិច្ចប្រតិបត្តិសហការ ជាមួយអាជ្ញាធរមីន ។

ការបញ្ជាក់របស់ទូតអូស្ត្រាលី បែបនេះធ្វើឡើងក្នុងឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។

នាឱកាសនោះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។

លោកបន្ថែមថា ប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដែលបច្ចុប្បន្ននេះ កំពុងចូលរួមវិភាគទាន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ ក្រៅពីការងារបោសសម្អាតមីន ប្រទេសអូស្រ្តាលី ក៏បានចូលរួមដល់កសាងសមត្ថភាព និងការគាំទ្រដល់ការរៀបចំផែនការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ផងដែរ។

ជាមួយគ្នានេះលោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការងារបោសសម្អាតមីន និងការរៀបចំផែនការបន្តឆ្ពោះទៅ រកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ចាប់ពីឆ្នាំ២០២៣ ស្របតាមទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ទោះបីសកម្មភាពមីនកម្ពុជា ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ កម្ពុជា នៅតែបន្តត្រូវការការចូលរួមពីប្រទេសអូស្រ្តាលី និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន។

លោក Justin Kevin Whyatt បានលើកឡើងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអូស្រ្តាលី លើគ្រប់វិស័យនៅកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងការចូលរួមការងារ បោសសម្អាតមនុស្សធម៌ អស់រយៈពេល ៣០ឆ្នាំ។

លោកទូតអូស្រា្តលី ក៏បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព នៃសកម្មភាពមីន នៅកម្ពុជា ដោយឃើញពីយកចិត្តទុកដាក់ និងការតាំងចិត្តខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន ឲ្យអស់ត្រឹមឆ្នាំ២០២៥ ក៏ដូចជាការចូលរួមយ៉ាងផុសផុល ពីវិស័យឯកជន និងសប្បុរសជននានា ៕

To Top