ព័ត៌មានជាតិ

VISA ចង់ពង្រឹងកិច្ចសហការជាមួយកម្ពុជា ជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមឌីជីថល

ភ្នំពេញ៖ លោក Chris Clark ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនវីសា (VISA) បានបង្ហាញអំពីគោលបំណង ក្នុងការពង្រឹងកិច្ចប្រតិបត្តិការ ជាមួយក្រសួងពាណិជ្ជកម្ម លើគំនិតផ្តួចផ្តើមទាក់ទងនឹង យុទ្ធសាស្រ្តនិងគោលនយោបាយ នាពេលបច្ចុប្បន្ន និងអនាគត ដើម្បីជំរុញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមឌីជីថល ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Chris Clark លើកឡើងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដើម្បីចែករំលែកក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយពាក់ព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្រ្តី បានថ្លែងថា វិបត្តិកូវីដ-១៩ បានបង្កើតកាលានុវត្តន៍ភាព ដែលជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ដោយគ្មានទំនាក់ទំនង (Contactless Payment )។ បន្ថែមពីនេះ ដើម្បីបម្រើសេវាកម្មឲ្យខិតកៀកទៅជិតពាណិជ្ជករ បង្កើតភាពងាយស្រួល កាត់បន្ថយការចំណាយ និងពេលវេលាចុះបញ្ជីពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យ ប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។

រដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បន្តថា ក្នុងឆ្នាំ២០២២ CamDX ត្រូវបានប្រកាសទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល។ នេះជាមោទកភាពថ្មីមួយទៀត របស់កម្ពុជាលើឆាកអន្តរជាតិ និងជាកាលានុវត្តន៍ភាពក្នុង ការប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ដោយនៅក្រោមម្លប់សុខសន្តិភាព កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន។

លោករដ្ឋមន្រ្តីបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន Visa លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការបណ្តុះបណ្តាល ចំណេះដឹងហិរញ្ញាវត្ថុដល់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោក Chris Clark កោតសរសើរពីកិច្ចខិតខំប្រែង របស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញ និងធ្វើឲ្យប្រសើឡើងនូវវិស័យឌីជីថលនៅកម្ពុជា៕

To Top