ព័ត៌មានជាតិ

៣នាក់ឪពុក-កូន គឺព្រះឥសូរ ព្រះគណេស និងព្រះស្កន្ទ បានជួបជុំគ្នាវិញហើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រោយបែកបាក់គ្នា អស់រយៈពេលជាច្រើនទសវត្ស ដោយសារមានការលួចចេញពីទឹកដីកំណើត ទៅកាន់ទីបរទេសនានានោះ ៣នាក់ឪពុក-កូន គឺព្រះឥសូរជាឪពុក បានជួបកូនទាំង២អង្គហើយ គឺព្រះគណេស និងព្រះស្កន្ទ ។

ព្រះឥសូរ

ការលើកឡើង របស់សម្តេចតេជោនេះ បានធ្វើឡើងក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរ ដែលបានប្រគល់កម្ពុជាវិញ ពីសហរដ្ឋអាមេរិក និងអង់គ្លេស នាព្រឹកថ្ងៃ១៧ មីនា ។ ការបញ្ជូនត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ ជាកិច្ចសហការយ៉ាងសកម្មបំផុត ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

បើតាមសម្តេចតេជោ “ព្រះឥសូរ ជាអាទិទេពដ៏កំពូលមួយ នៅក្នុងព្រហ្មមញ្ញសាសនា និងជាឪពុក របស់បុត្រទាំង២ គឺព្រះស្កន្ទ និងព្រះគណេស ដែលកំពុងគង់នៅអមសងខាងឪពុក (ក្នុងពិធីប្រគល់) នាពេលនេះ”។

ព្រះស្កន្ទ

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ព្រះស្កន្ទក្នុងទម្រង់ជាកុមារ គឺជាទេពខាងសឹកសង្គ្រាម ឬជាមេទ័ព ដ៏អស្ចារ្យប្រចាំនៅឋានសួគ៌ដែលមានយាន្តជាសត្វក្ងោក ។ នៅសម័យបុរាណមានជំនឿទៅលើអង្គទេពនេះខ្លាំង ត្បិតជាបុត្រព្រះឥសូរ ដែលជាមេទ័ពដ៏ខ្លាំងពូកែដែលមានក្នុងចម្លាក់ និងសិលាចរឹក ។ ចំណែក ព្រះគណេស ដែលមានក្បាលដំរី គឺជាទេព នៃបញ្ញាញ្ញាណ និងជំនៈឧបសគ្គទាំងឡាយ ដូច្នេះទើបព្រះអង្គឋិត នៅក្នុងចំណោមទេពមួយ ដែលត្រូវបានគេគោរពបូជា ជាងគេនៅក្នុងសាសនាព្រហ្មមញ្ញ។

សម្តេចតេជោបន្ថែមថា “ពេលនេះ គ្រួសារអាទិទេពមួយ ឪពុកនិងកូនទាំង២បានជួបជុំគ្នាឡើងវិញ តាមរយៈបញ្ញាញ្ញាណដ៏ខ្ពស់បំផុត ក្នុងការស្វែងរកសន្តិសភាព ក្រោយពីបានបែកគ្នាអស់រយៈពេលជាង៤ទសវត្សកន្លងទៅ ដោយសារជនទុចរិត បានលួចចេញពីប្រាសាទកោះកេរ នៅក្នុងអំឡុងទសវត្ស១៩៧០ នៃសង្គ្រាម” ។

សម្តេចថា សូម្បីគ្រួសារអាទិទេព ក៏ត្រូវការសន្តិភាពផងដែរ សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ ។

ព្រះគណេស

សូមបញ្ជាក់ថា ព្រះឥសូរ (ព្រះសិវៈ)ជាអាទិទេព បង្កើតលោក និងបំផ្លាញលោកផង ។ ព្រះអង្គមានព្រះនេត្របី ហើយព្រះនេត្រទាំងនេះ តំណាងឲ្យព្រះអាទិត្យ ព្រះច័ន្ទ និងព្រះអគ្គិ ដែលបានផ្តល់ពន្លឺមកកាន់ផែនដី លំហអាកាស និងផ្ទៃមេឃ ។ ព្រះអង្គអាចមើលឃើញ បច្ចុប្បន្នកាល អតីកាល និង អនាគតកាលផងដែរ ព្រះនេត្រទី៣របស់ព្រះអង្គ នៅលើថ្ងាសជាព្រះនេត្រ ដែលមានអំណាចដ៏អស្ចារ្យបំផុត។មានមហេសី៩អង្គ គឺនាងទុគា នាងឧមា នាងគោរី នាងគង្គា នាងកាលី នាងទេវី នាងកុមារី នាងចន្ទី និងនាងមហាទេវី ។ ព្រះអង្គមានបុត្រ២អង្គ គឺព្រះគណេស(ព្រះវិយនេស) ព្រះស្កន្ទកុមារ (ព្រះកត្រិកេយ) ៕

To Top