ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋភិបាល ៖ សុខសន្តិភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់ នាំឲ្យកម្ពុជាទទួលបានព្រលឹងវប្បធម៌ ដូនតាខ្មែរត្រឡប់មកវិញ

" "

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ ដែលនាំឲ្យកម្ពុជា ទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរ ត្រឡប់មកវិញ។

ការបញ្ជាក់របស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។

" "

សម្តេចតេជោស្វាគមន៍ ដោយក្តីសោមនស្សរីករាយ ចំពោះការវិលត្រឡប់ នៃព្រលឹងដូនតាខ្មែរមកវិញនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឲ្យកម្ពុជា ទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ ។សុខសន្តិភាពបានធ្វើឲ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ទ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍កន្លងមក» ។

" "

ជាមួយគ្នានោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ច សហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និង បញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ និងសម្តែងការកោតសរសើរ ដល់រាជរដ្ឋាភិបាល ចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូត ចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួល ក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ ។ សម្តេចតេជោក៏បានអំពាវនាវផងដែរ ទៅដល់វិស័យឯកជននានា ចូលរួមគាំទ្រកាន់តែច្រើន ក្នុងសកម្មភាពកិច្ចការពារវប្បធម៌។

សម្តេចតេជោ ក៏បានបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ តាមឃុំគ្រងជាតិ និងប្រជាពលរដ្ឋខ្មែរ បានជួបតែក្តីសុខ សេចក្តីចម្រើន តរៀងទៅ៕

To Top