ព័ត៌មានជាតិ

សម្ដេច ស ខេង នឹងបំពេញ​ ទស្សនកិច្ចការងារ នៅឡាវ ពីថ្ងៃ១៨-២០ មីនា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ ឡាវ និងដោយបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២៣។

យោងតាមសេចក្ដីប្រកាស ព័ត៌មានក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈឡាវ ។ ដោយសម្តេច ស ខេង នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងក្រសួងទាំងពីរ ៕

To Top