ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការកែទម្រង់កងទ័ព ត្រូវបានអនុវត្តជាប់ជាប្រចាំ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងថា ការកែទម្រង់កងទ័ព ត្រូវបានអនុវត្តជាប់ជាប្រចាំ ។

លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា និងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញឆត្រយោងជំនាន់ទី៣៤, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៦, វគ្គហ្វឹកហ្វឺនជំនាញឯកទេស មុជទឹកជំនាន់ទី៩ និងវគ្គហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ នាខេត្តកំពង់ស្ពឺ នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

លោក សូមអបអរសាទរចំពោះសិក្ខាកាមទាំងអស់ ដែលបានតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រ និងអត់ធន់ជម្នះការលំបាក រហូតបានបញ្ចប់វគ្គដោយជោគជ័យ ជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ហើយសង្ឃឹមថាប្អូនៗនឹងប្រើប្រាស់ ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅបំពេញរាល់ភារកិច្ច នៅតាមបណ្តាកងឯកភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងសូមកោតសរសើរ ចំពោះបញ្ជាការដ្ឋានទ័ពពិសេស, សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ សហការអនុវត្តការងារហ្វឹកហ្វឺន បានជាប់ជាប្រចាំដូចភ្លៀងរលឹម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ វគ្គហ្វឹកហ្វឺនទាំងនេះ គឺសុទ្ធតែជាវគ្គជំនាញសំខាន់ៗ ដែលបញ្ជាការដ្ឋានទ័ពពិសេស តែងបានរៀបចំឱ្យមាន ដំណើរការជាប់ជាប្រចាំរហូតមក ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ភារកិច្ចរបស់អង្គភាពផ្ទាល់ និងបណ្តាកងឯកភាពនានា។

លោកនាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលជាច្រើន រួមមានជាអាទិ៍៖ ស្ពានឆ្លងស្ទឹងតាសាល, ផ្លូវ និងលូភ្ជាប់ពីសាលាឆត្រយោងទៅសាលាទ័ពពិសេស, អគារពហុសិក្សា, សំណង់បច្ចេកទេសលោឆត្រ (Tower), អគារស្នាក់នៅរបស់កងឧទ្ធម្ភាគចក្រ និងកងការពារ ដែលត្រូវបានកសាងឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវ កិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយឈរលើ វប្បធម៌នៃការចែករំលែកដើម្បីបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។

លោក ម៉ាណែត បន្តថា ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេចបាននូវសមិទ្ធផលជាច្រើនមកហើយ ជាពិសេសក្នុងវិស័យហ្វឹកហ្វឺន ដែលផ្តោតលើគោលបំណងជាអាទិភាពចំនួន ២ គឺ៖ ទី១. ការបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតប ចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខ ស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍, និងទី២. ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាព ឆ្លើយតបចំពោះបញ្ហាប្រឈមទាំង ក្នុងសមរភូមិបែបប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធបែបកម្លាំងទល់នឹងកម្លាំង និងសមរភូមិមិនមែនប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធនឹងអំពើភេរវកម្ម និងគ្រោះមហន្តរាយនានា ជាដើម។

លោកនាយឧត្តមសេនីយ៍ ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារទាំងឡាយ ដែលបញ្ជាការដ្ឋានទ័ពពិសេសខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ទាំងលើការបំពេញភារកិច្ចស្នូល, ភារកិច្ចជំនាញ និងការសហការការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរ ខណៈដែលជាឆ្នាំដ៏មមាញឹកមួយ សម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដែលត្រូវទទួលភារកិច្ច ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់សាកលសំខាន់ៗជាច្រើន ហើយក៏ជាឆ្នាំនៃការរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ផងដែរ។ ក្នុងនេះ អង្គភាពពិតជាបានយកចិត្តទុកដាក់គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក តាមរយៈការធានាបានទាំងស្រុង នូវតួនាទីក្នុងនាមជាកម្លាំងអន្តរាគមន៍ ត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការចូលរួមដោះស្រាយយថាហេតុផ្សេងៗ ទាំងការឆ្លើយតបចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ៕

To Top