ព័ត៌មានជាតិ

គម្រោងភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍​ នឹងជួយដល់ប្រជាជនជាង​ ៤៥ម៉ឺននាក់​ នៅភាគខាងជើង បឹងទន្លេសាប

ភ្នំពេញ​៖​ គម្រោង​ ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុ របស់ប្រជាសហគមន៍នៅភាគខាងជើង នៃបឹងទន្លសាប ហៅកាត់ថា PEARL​ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករ​នៅភាគខាងជើងបឹងទន្លេសាប​ ប្រមាណ​ ៤៥០ ០០០នាក់។

នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន​ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលបម្រុងកម្ពុជា សម្រាប់មូលនិធិអាកាសធាតុ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុ របស់ប្រជាសហគមន៍ នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL ជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ លោករដ្ឋលេខាធិការ បានលើកឡើងថា​ នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រសួងបរិស្ថានបានជជែកពិភាក្សាជាមួយអង្គការ FAO ដាក់ចូលចំណុចមួយចំនួនដែលផ្តល់ ភាពជាម្ចាស់សម្រាប់កម្ពុជាក្នុងគ្រប់គ្រងគម្រោង ដូចជាការអនុវត្តគម្រោងត្រូវមាន ការចូលរួមពីក្រសួងក្នុងភាពជាដៃគូ រាល់ការជ្រើសរើសទីបឹ្រក្សា និងការទិញសម្ភារៈដើម្បីបម្រើឱ្យ សកម្មភាពនានានៃគម្រោង ត្រូវមានការចូលរួមសម្រេចពីភាគីកម្ពុជាទើបអាច បន្តនីតិវិធីទៅមុខបាន ហើយនឹងផ្សព្វផ្សាយរាល់ព័ត៌មាន វឌ្ឍនភាពរបស់គម្រោងជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព។

លោក គូសបញ្ជាក់ថា​ គម្រោងនេះនឹងបានក្លាយជា គម្រោងមួយដែលបង្ហាញពីភាពជាម្ចាស់ របស់កម្ពុជាក្នុងការគ្រប់គ្រង និងជំរុញតម្លាភាព និងគណនេយ្យភាពពីភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោង “។

សូមបញ្ជាក់ផងដែរ គម្រោង PEARL ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ដ៏ស្អិតរមួតរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងសង្គមស៊ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង។

គម្រោងមួយនេះដែរ ទទួលបានការអនុម័តនៅក្នុង កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានរយៈពេល ០៦ឆ្នាំ ដែលមានថវិកាសរុបចំនួនប្រមាណ ៤៣ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៣៦,២លានដុល្លារអាមេរិក ជាជំនួយឥតសំណងពី មូលនិធិអាកាសធាតុបៃតង និង៦,៦លានដុល្លារអាមេរិកជាថវិកា បដិភាគរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការFAO។ ជាមួយគ្នានេះដែរ គម្រោងនេះនឹងផ្តល់នូវ អត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥០ ០០០នាក់ និងខ្សែច្រវ៉ាក់តម្លៃនៅភាគខាងជើង បឹងទន្លេសាបរួមមានខេត្ត៖ កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៕

To Top