ព័ត៌មានជាតិ

ក្រុមការងារ អ.ម.ត បំពេញបេសកកម្ម លើកដំបូងនៅចិន ដើម្បីពង្រឹង ពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូនានា

ភ្នំពេញ៖ លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ

និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត ក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (អ.ម.ត ចិន) បាននិងកំពុងដឹកនាំក្រុមការងារ អ.ម.ត ចិន បំពេញ បេសកកម្មការងារ លើកដំបូង នៅសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីក្រុមការងារនេះ ត្រូវបានបង្កើតឡើង តាមសេចក្តីសម្រេច ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ។

ការដឹកនាំក្រុមការងារទៅបំពេញបេសកកម្ម នៅប្រទេសចិននេះ ធ្វើឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រតិបត្តិតាមការចង្អុលណែនាំពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគមសិស្ស-និសិ្សត អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត ឬ A.M.T) ។

សូមបញ្ជាក់ថា បេសកកម្មនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្នុងបំណងស្វែងយល់អំពី ស្ថានភាពសិក្សា និងការរស់នៅរបស់និស្សិត អ.ម.ត ព្រមទាំងដើម្បីពង្រឹង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូនានា។

ក្នុងដំណើរបេសកកម្មដ៏មានសារៈសំខាន់នេះ គណៈប្រតិភូ អ.ម.ត ចិន ទាំង២៣រូប នឹងបំពេញការងារនៅ ខេត្តជឺជាំង ខេត្តអានហ៊ួយ ទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំង ដោយក្នុងនោះ នឹងមានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគ្រឹះស្ថានឧត្តមសិក្សា មន្ទីរអប់រំខេត្ត-ក្រុង និង វិស័យឯកជនចិនផ្សេងៗ។

ដោយថ្នាក់ដឹកនាំកម្ពុជា-ចិន បានកំណត់យកឆ្នាំ២០២៣ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដូច្នេះក្នុងន័យនេះ បេសកកម្មត្រូវបានរំពឹង ទុកថានឹងរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ សំដៅបំពេញបន្ថែមការ ពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ចិន ឲ្យកាន់តែមានភាពរឹងមាំ ស្របតាមក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការត្បូងពេជ្រ ៕

To Top