ព័ត៌មានជាតិ

កម្ពុជា-ប៉ាគីស្ថាន ពិនិត្យលទ្ធភាពបង្កើត គណៈកម្មាធិការរួមគ្នា រវាងសភាពាណិជ្ជកម្ម

ភំ្នពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា បានឯកភាពគ្នាក្នុងការពិនិត្យ លទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នា រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ការឯកភាពគ្នានោះធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ លើការជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា-ប៉ាគីស្ថាន រវាងលោក ប៉ាន សូរស័ក្ដិ និងលោក Zaheeruddin Babar Thaheem នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានជម្រាបជូនថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀង RCEP ដែលកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួម (CEPA) ទើបតែត្រូវបានប្រកាសពីការបញ្ចប់ការចរចា។ ដូច្នេះ វិនិយោគិនប៉ាគីស្ថានអាចមកបណ្តាក់ទុននៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពី FTA ទាំងនេះ ដើម្បីលើកកម្ពស់ការនាំចេញ។

ដោយទទួលស្គាល់ថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ជាពិសេសតាមរយៈសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ, លោករដ្ឋមន្រ្ដី បានស្នើឱ្យស្វែងរកពីលទ្ធភាពក្នុងការពង្រឹងកំណើននៃពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយលើកទឹកចិត្តសភាពាណិជ្ជកម្ម សមាគមធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយគ្នា ដើម្បីពង្រីកឱកាសបណ្តាញអាជីវកម្ម តាមរយៈកិច្ចសន្ទនា B2B រួមទាំង ការផ្គូផ្គងពាណិជ្ជកម្ម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការទីផ្សារនាំចេញ និងជំរុញការបណ្តាក់ទុនអាជីវកម្មរួមគ្នា។

ជាមួយគ្នានេះ រដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ ក៏បានស្នើសុំ លោកទូត ជួយជំរុញវិស័យឯកជនពីប្រទេសប៉ាគីស្ថាន មកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ ជាពិសេសអាហារហាឡាល(Halal) ដើម្បីបម្រើទីផ្សារក្នុងស្រុក និង នាំចេញ និងចង់ឱ្យមានជើងហោះហើរត្រង់ពីប៉ាគីស្ថានមកកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងការវិនិយោគនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត លើកឡើងថា ប៉ាគីស្ថានមានវិស័យសក្តានុពលមួយចំនួន ដូចជា វាយនភណ្ឌ ថ្មម៉ាប ជាដើម ហើយប៉ាគីស្ថានបាននាំចូលប្រេងដូងយ៉ាងច្រើនពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម។ បន្ថែមពីលើនេះ ប៉ាគីស្ថាន អាចមានលទ្ធភាពផ្តល់ជំនួយបច្ចេកទេសក្នុងការចិញ្ចឹមសត្វ បើកម្ពុជាមានតម្រូវការ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនលោកទូតថា ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកទូត និងមន្ត្រីការទូតប៉ាគីស្ថាន សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេចបាននូវ សមិទ្ធិផលដែលប្រទេសទាំងពីរចង់បាន។ ភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

To Top