ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋប្រមាណជា ៦ ពាន់នាក់ នៅស្រុកស្រីសន្ធរ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២៣ នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជា ៦ ពាន់នាក់ នៅវិទ្យាល័យព្រែកដំបូក ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ មុនពេលពិនិត្យព្យាបាល អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ យើងទទួលបាននូវសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា ពាក់ព័ន្ធលើវិស័យសុខាភិបាល សម្រាប់ស្រុកស្រីសន្ធរ មានមន្ទីរពេទ្យបង្អែកមួយ និងមណ្ឌលសុខភាព ៩ កន្លែង និងមានបុគ្គលិកសុខាភិបាល ១០៨ នាក់ បាននិងកំពុងបម្រើការងារ ពិនិត្យនិងពិគ្រោះ ព្យាបាល ថែទាំសុខភាពជូនប្រជាពលរដ្ឋ ទូទាំងស្រុកស្រីសន្ធរ ។ ការចូលរួមអនុវត្តគោលនយោបាយសុខមាលភាពសង្គម របស់រាជរដ្ឋាភិបាល និងចូលរួមលើកកម្ពស់ និងគាំទ្រដល់អ្នកក្រីក្រ មកទទួលសេវា ប្រកបដោយសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្រៅពីសកម្មភាពរបស់មន្ត្រីសុខាភិបាល ស្រុកស្រីសន្ធរទទួលបានការយកចិត្តទុកដាក់ ដូចជាការចូលរួមចំណែក គិតអំពីសុខទុក្ខ សុខមាលភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមានចំនួន ៤លើក ដែលមានប្រជាពលរដ្ឋមកពិនិត្យនិងព្យាបាលជំងឺជាង ១ម៉ឺននាក់ ។

លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានមានប្រសាសន៍ក្នុងឱកាសនោះដែលថា ការចុះពិនិត្យនិង ព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនាពេលនេះ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណជា ៥០០ នាក់ ដែលពួក គាត់មានចំណេះដឹង មានជំនាញច្បាស់លាស់ នាំយកទាំងឧបករណ៍ និងថ្នាំពេទ្យ មកពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋ អស់ពីលទ្ធភាព ។ទន្ទឹមនឹងនេះ ប្រសិនបើមានអ្នកជំងឺត្រូវវះកាត់ធំ នៅរាជធានីភ្នំពេញ ក្រុមការងារនិងសម្របសម្រួល សហការគ្នាជួយបញ្ជូនអ្នកជំងឺ ទៅព្យាបាលនៅភ្នំពេញ នោះប្រសិនបើមានការចាំបាច់ និងមានការស្នើសុំពីប្រជាពលរដ្ឋ ។

លោក ហ៊ុន ម៉ានី បានឲ្យដឹងផងដែរថា ៤៤ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចការងារជាច្រើន ប៉ុន្តែយ៉ាងណា ក៏ដោយ ក៏នៅមានកិច្ចការជាច្រើនទៀតដែលរាជរដ្ឋាភិបាលត្រូវធ្វើការអភិវឌ្ឍ សម្រាប់ការរីកចម្រើនដល់បងប្អូន ប្រជាពលរដ្ឋ៕

To Top