ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អង្គទូតនានាថា ផ្ទៃក្នុងមិនយល់គ្នា ពិតជាគ្រោះថ្នាក់ធំណាស់ ក្នុងការធ្វើកំណែទម្រង់ប្រទេសជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់អង្គទូត និងដៃគូអភិវឌ្ឍនានាប្រចាំកម្ពុជាថា ផ្ទៃក្នុងមិនយល់គ្នាហើយ គឺពិតជាគ្រោះថ្នាក់ធំណាស់ ក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ ជាពិសេសការធ្វើកំណែទម្រង់ ផ្នែកនយោបាយតែម្ដង។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នាព្រឹកថ្ងៃ២០ មីនា សម្ដេចតេជោ បានរំលឹកថា ក្នុងពេលធ្វើកំណែទម្រង់ប្រទេសជាតិ មានកម្លាំងសង្កត់៣ ធ្វើឲ្យប៉ះពាល់ដល់ជីវិតនយោបាយ រួមមាន៖ ទី១-ការមិនចុះសម្រុងគ្នា នៅក្នុងផ្ទៃក្នុងបក្សក្រោយពេលផ្តួលរំលំខ្មែរក្រហម ,ទី២-របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និងទី៣-ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី។

សម្ដេចតេជោបន្ដថា បញ្ហានយោបាយនៅពេលនោះ សម្ដេចបានប្ដូររដ្ឋមន្ដ្រីការពារជាតិ រដ្ឋមន្ដ្រីការបរទេស ព្រោះនៅពេលនោះ រដ្ឋមន្ដ្រីទាំងពីរ ប្រឆាំងទៅនឹងការចរចា តើនាយករដ្ឋមន្ដ្រី ត្រូវធ្វើយ៉ាងម៉េច? ខណៈសម្ដេច សុខចិត្តទៅធ្វើរដ្ឋមន្ដ្រីការបរទេសវិញ ហើយសម្ដេច ទៀ បាញ់ ផ្លាស់ប្ដូរពីរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មកធ្វើជា រដ្ឋមន្ដ្រីក្រសួងការពារជាតិវិញ ដើម្បីបម្រើឲ្យការចរចាគ្នា។

សម្ដេចតេជោបញ្ជាក់ថា «ដូច្នេះផ្ទៃក្នុងមិនយល់ គឺពិតជាគ្រោះថ្នាក់ធំណាស់ ។ រឿងនេះ មិនមែនជារឿងតូចតាចទេ នេះជាកម្លាំងសង្កត់ទីមួយ សម្រាប់ជីវិតនយោបាយរបស់ខ្ញុំ។ រីឯ ចំណុចទីពីរ កងទ័ពវៀតណាម នៅកម្ពុជាមិនតិចជាង១០ម៉ឺននាក់ទេ នៅពេលចាប់ផ្ដើមធ្វើកំណែទម្រង់ ក្នុងប្រទេសវៀតណាម មិនទាន់ធ្វើកំណែទម្រង់អ្វីទាំងអស់ នៅក្នុងប្រទេសវៀតណាម គឺធ្វើសហករ ធ្វើរួម និងចែកផល»។

សម្ដេចតេជោបន្ដថា ប៉ុន្ដែជាភ័ព្វសំណាងរបស់សម្ដេច នៅត្រង់ថា វៀតណាម មកកម្ពុជាមិនត្រឹមតែជួយផ្ដួលរលំរបបប៉ុលពត និងទប់ស្កាត់ការវិលត្រឡប់របស់ប៉ុលពតទេ ប៉ុន្ដែវៀតណាម បានផ្ដល់លទ្ធភាពឲ្យ សម្ដេច ដើម្បីសម្រេចកិច្ចការងារទាក់ទងទៅនឹង​ នយោបាយសេដ្ឋកិច្ចសង្គម។

សម្តេចនាយករដ្ឋមន្រ្តីថា សម្ដេចតែងតែប្រាប់ដៃគូអភិវឌ្ឍន៍នានាថា «អស់លោកកាលមុននេះ អស់លោកតែនិយាយថា ខ្ញុំជាអាយ៉ងវៀតណាម ក៏ប៉ុន្ដែខ្ញុំមានសិទ្ធិសម្រេចច្រើនជាងអ្វី ដែលខ្ញុំសម្រេចនៅពេលនេះ នៅត្រង់ថានៅពេលនេះ បើខ្ញុំមិនធ្វើតាមអស់លោក អស់លោកនឹងកាត់ជំនួយរបស់ខ្ញុំ ប៉ុន្ដែកាលពេលនោះ វៀតណាមជួយយើងខ្ញុំ ប៉ុន្ដែវៀតណាមផ្ដល់សិទ្ធិឲ្យយើងខ្ញុំ សម្រេចកិច្ចការរបស់ខ្លួន ទាំងនយោបាយ ទាំងសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេលវៀតណាមធ្វើសហករ គឺកម្ពុជា ចាប់ផ្ដើមអនុវត្តធ្វើការធ្វើ ឯកជនរួចសម្រេចទៅហើយ ដូច្នេះបានវៀតណាម ចូលអង្គការពាណិជ្ជកម្មពិភពលោក ក្រោយកម្ពុជា»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា ពេលនោះកម្ពុជាទទួលទណ្ឌកម្ម ពីបណ្ដាប្រទេសនានា មានតែសូវៀត និងក្រុមប្រទេសសង្គមនិយម នៅអឺរ៉ុបខាងកើតតែប៉ុណ្ណោះ បានផ្ដល់ជំនួយឲ្យកម្ពុជា ហើយឥណ្ឌា បានជួយក្នុងចំណែកណាមួយមកកម្ពុជា ដូច្នេះហើយបានបើកឱកាសឲ្យ សម្ដេចធ្វើកំណែទម្រង់សង្គម សេដ្ឋកិច្ច រហូត មកដល់ពេលនេះ។

សម្ដេចបន្ថែមទៀតថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ២០ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជា ប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃ ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា៕

To Top