ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ចំណូលថវិកាជាតិឆ្នាំ២០២៣ ប៉ាន់ស្មានថា មានរហូតដល់៣២,៩៣៦ប៊ីលានរៀល , រីឯចំណាយ៤១,៥៣៧ប៊ីលានរៀល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ចំណូលថវិកាជាតិ ក្នុងឆ្នាំ២០២៣នេះ ត្រូវបានប៉ាន់ស្មានអាចនឹងមានរហូតដល់ ៣២,៩៣៦ប៊ីលានរៀល រីឯការចំណាយថវិកាជាតិសរុបមានប្រមាណ ៤១,៥៣៧ប៊ីលានរៀល។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» នាថ្ងៃ២០ មីនា សម្តេចតេជោបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ២០ឆ្នាំ កន្លងទៅបានបង្កើតសមិទ្ធផល ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាព នៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចតេជោមានប្រសាសន៍ថា «ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិរយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២,៩៣៦ ប៊ីលានរៀល ឯណោះ ។ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១,៥៣៧ ប៊ីលានរៀល»។

សម្ដេចតេជោបន្ថែមថា សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឲ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។

សម្ដេចតេជោបន្ថែមទៀតថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។

សម្ដេចតេជោ បញ្ជាក់ទៀតថា រឹតតែសំខាន់ជាងនេះ សមិទ្ធផលទាំងអស់នេះ គឺជាកត្តារួមចំណែកដ៏ធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ដែលមានការធ្លាក់ចុះជាលំដាប់ ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយរបស់ខ្លួន បន្ទាប់ពីត្រូវបាន អនុវត្តអស់រយៈពេលជិត២០ឆ្នាំ ដែលសម្តេចធ្លាប់បានធ្វើជាអធិបតី ក្នុងពិធីប្រកាសដាក់ចេញ នូវដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់នេះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤៕

To Top