ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រង បរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-20_13-08-45-1024x682.jpg)
ពិធីនេះ មានការចូលរួមពីសំណាក់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រី Siti Hasanah តំណាងទីភ្នាក់ងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេសគម្រោង និងប្រពលរដ្ឋជាច្រើនផងដែរ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-20_13-08-49-1024x682.jpg)
គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ គម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដែលនឹងគ្រោងឲ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគូប សម្រាប់រយៈពេល ១០ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរ ទីលានទុកដាក់សំរាម។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-20_13-08-53-1024x682.jpg)
តាមការរំពឹងទុក ប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦.០០០នាក់ នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថាន ពីទីលានចាក់សំរាមមួយនេះ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-20_13-08-58-1024x682.jpg)
ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម ហើយប្រើប្រាស់ថវិកាសាងសង់អស់ចំនួន ៦ ២៨៣ ៧៤៧ ដុល្លារក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ថវិកាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។ ការសាងសង់ប្រើប្រាស់១២ខែ ម៉ៅការសាងសង់ដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)