ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធន៍ ដល់និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោហ៊ុនសែន ជួបសំណេះសំណាល និងចែករំលែកនូវ បទពិសោធន៍ល្អៗ  ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាវិទ្យាសាស្ត្រ សុខាភិបាល ដែលបានទទួលអាហារូបករណ៍ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយប្រឡងជាប់អាហារូបករណ៍ ចូលរៀនចំនួន ៦៤នាក់ (ស្រី២៣នាក់)។ 

ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់និស្សិតឆ្នើមទាំងអស់។ ក្នុងនោះលោកស្រីបណ្ឌិតបានកោតសរសើរ ចំពោះការខិតខំរៀនសូត្ររហូតប្រឡងជាប់ដោយជោគជ័យ របស់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនាពេលនេះ។ ខណៈនោះដែរលោកស្រី ប្រធានមូលលនិធិ ក៏បានចែករំលែកនូវបទពិសោធន៍សំខាន់ៗ ដែលលោកជំទាវផ្ទាល់ បានឆ្លងកាត់ក្នុងការសិក្សា ព្រមទាំងបានផ្តល់នូវអនុសាសន៍ ក្រើនរម្លឹកឱ្យប្អូនៗនិស្សិតទាំងអស់ ត្រូវចេះជួយគ្នានិងមានសាមគ្គីភាព ជាពិសេសក្នុងកិច្ចការសង្គម។

លោកស្រី បញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នៅតែបន្តផ្តល់អាហារូបរណ៍ ដល់ប្អូននិស្សិតដែលមានបំណងចង់សិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស។

ទន្ទឹមនិងនោះដែរ លោកស្រីបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមនិស្សិតអាហារូបករណ៍ ចូលរួមស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗដោយផ្ទាល់ និងប្រើប្រាស់ចំណេះដឹង ដែលខ្លួនមាន ដើម្បីជួយពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។

សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកជំទាវបណ្ឌិតប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោ និង   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយនិស្សិតនាថ្ងៃនេះ ហើយលោកសាស្រ្តាចារ្យបានរាយការណ៍ជាសង្ខេប ជូនលោស្រី អំពីស្ថានភាពនិស្សិត ដែលទទួលបានអាហារូបករណ៍ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។

ទន្ទឹមនឹងនោះ លោកសាស្រ្តាចារ្យ បានឱ្យដឹងថា ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ មកដល់ពេលបច្ចុប្បន្ន ដោយមានការសណ្តោស ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានប្រឡងចូលរៀនជាប់លេខ១ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានចំនួន៨ជំនាន់រួចមកហើយ សរុបចំនួន ២៤៦នាក់ (ស្រី៧៣នាក់) ដែលបានទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិតចំនួន៨៦នាក់ (ស្រី២៨នាក់) កំពុងសិក្សានៅឆ្នាំសិក្សា ២០២២-២០២៣៕

To Top