ព័ត៌មានជាតិ

PSE បានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ នៅកម្ពុជា

" "

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានចាត់ទុកអង្គការ ដើម្បីភាពញញឹមនៃកុមារ(PSE) ជាចំណែកមួយដែលបានជួយដល់យុវជនក្រីក្រឲ្យមាន ចំណេះជំនាញ និងមានការងារមួយដ៏ល្អដើម្បីជួយដល់គ្រួសារឲ្យមានជីវភាពធូរធារ ដែលនេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។

លោក អ៊ិត សំហេង លើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យគណៈគ្រប់គ្រងថ្មីនៃអង្គការ PSE ចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃ២១ មីនា ។ ក្នុងជំនួបនោះ លោកស្រី ហ្គកឺឡាំង ដេប៉ាលីយែរ លក្ខិណា នាយិកាអង្គការ PSE បានលើកឡើងថា អង្គការ PSE ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបាន បង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដោយលោក និងលោកស្រី គ្រីសស្យង់ ម៉ារីហ្រ្វង់ ដេប៉ាលីយែរ ។ បេសកម្មចំបងរបស់អង្គការ ដើម្បីជួយដល់កុមារយុវជន និងគ្រួសារក្រីក្របំផុត ដោយផ្តោតសំខាន់លើការ ផ្តល់អាហារការព្យាបាល ការការពារ ការជួយសង្គ្រោះនិងថែទាំការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការឧបត្ថម្ភដល់គ្រួសារក្នុងករណីបន្ទាន់ ។

" "

លោកស្រីបន្តថា កុមារបានជ្រើសរើសដោយអង្គការ PSE ត្រូវតែស្ថិតក្នុងតំបន់ទាំង៣របស់ PSE គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយផ្អែកតាមលក្ខខណ្ឌបានកំណត់ ជាពិសេសត្រូវតែតាំងទីលំនៅ ជាប្រចាំស្ថិតនៅក្នុងតំបន់គោលដៅយ៉ាងតិច១ឆ្នាំឡើង មានរបររើសអេតចាយ នៅតំបន់គំនរសំរាម ឬតាមផ្លូវសាធារណៈ និងមានជីវភាពទីទ័លក្រ (ចំណូលក្រោមបន្ទាត់ភាពក្រីក្រ) ឬកុមារដែលទទួលរង ក្នុងអំពើហិង្សាក្នុងគ្រួសារ កុមារទទួលរងការរំលោភបំពានសិទ្ធិ និងកម្លាំងពលកម្មនានា ។ ភ្នាក់ងារសង្គមនៃអង្កេតការ ដើម្បីភាពញញឹម នៃកុមារ បានធ្វើអង្កេត តាមដានលើជីវភាព រស់នៅរបស់គ្រួ សារក្រីក្រដែលរស់នៅតំបន់ទាំងនេះ ដោយម៉ត់ចត់បំផុត ។ រាល់ការសម្រេចជ្រើសរើស គ្រួសារណាមួយ PSE តែងតែមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានជានិច្ច។

" "

ចំណែក លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ របស់អង្គការ PSE ទៅដល់កុមារ និងយុវជនក្រីក្រដែលនេះជាការរួម ចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រីក៏បានស្នើដល់អង្គការ PSE រង់ចាំសហការពីក្រសួង ដើម្បីទទួលយកផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជនដែលស្របទៅនឹងបេសកម្ម ចក្ខុវិស័យរបស់ PSE ស្រាប់។

ឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្ត្រី លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជនក្រីក្រនេះដែរ ខាងអង្គការ PSE ពិតជារីករាយចូលរួមបំពេញតួនាទីឲ្យបានល្អ ក្នុងការបណ្តុះបណ្តាលទៅដល់យុវជន ឲ្យសម្រេចបានលទ្ធផលប្រកប ដោយផ្លែផ្កាជូនជាតិមាតុភូមិ ៕

To Top