ព័ត៌មានជាតិ

កម្ពុជា បន្តរងគ្រោះ ពីការចរាចរណ៍គ្រឿងញៀន ពិសេសករណីរក្សាទុក កែច្នៃ​ ផលិត និងជួញដូរ ក្នុងប្រទេស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ឆ្នាំ២០២២-២០២៣នេះ កម្ពុជា នៅបន្តរងគ្រោះ ពីការចរាចរណ៍គ្រឿងញៀន តាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ពិសេសករណីរក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀន នៅក្នុងប្រទេស ។

ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង មានប្រសាសន៍ថា «ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ កម្ពុជានៅបន្តរងគ្រោះពីការចរាចរគ្រឿងញៀន ឆ្លងកាត់ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ពិសេសករណ រក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀន នៅក្នុងប្រទេស ក្នុងនោះ ករណីកែច្នៃ ផលិតគ្រឿងញៀន ប្រភេទកេតាមីន ករណីរក្សាទុក និងជួញដូរ គ្រឿងញៀន ដែលកើត មានឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តមួយចំនួន តែងកើតមានឡើង ជាបន្តបន្ទាប់នៅ តាមអគារខនដូរ បុរី លំនៅដ្ឋាន ផ្ទះជួល និងទីតាំងដី ឃ្លាំងជួល» ។

សម្ដេច បន្ដថា ទន្ទឹមនេះក៏មានភស្តុតាងជាក់ស្ដែង អំពីការវេចខ្ចប់គ្រឿងញៀនក្នុងគោល បំណងនាំចេញទៅក្រៅប្រទេស តាមច្រកព្រំដែនកម្ពុជា-វៀតណាម និងការដឹកជញ្ជូន ចេញតាមច្រកសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ ជាមួយនេះ សារធាតុគីមី ដែលអាចផ្សំជាគ្រឿងញៀន ជាច្រើនរយតោន រួមទាំង ឧបករណ៍ សម្ភារ កែច្នៃផលិត និងវេចខ្ចប់មួយចំនួនធំ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃើញ បង្ក្រាប និងរឹបអូសបាន។

សម្ដេច បន្ថែមថា បញ្ហាទាំងអស់នេះ អាចធ្វើការកត់សម្គាល់បានជារួម ទាំងក្នុងក្របខ័ណ្ឌ សកល តំបន់ និងកម្ពុជាដូចជា និន្នាការ នៃការចរាចរជួញដូរ និងការលួចលាក់ កែច្នៃផលិតគ្រឿងញៀន ខុសច្បាប់ នៅតែជាបញ្ហាប្រឈមខ្ពស់ ជាពិសេស កលល្បិច វិធីសាស្ត្រ និង បច្ចេកទេស នៃការដឹកជញ្ជូន ការចែកចាយ ការកែច្នៃ ផលិតគ្រឿងញៀន របស់ពួកឧក្រិដ្ឋជន មានអង្គការចាត់តាំង ច្បាស់លាស់ មានទ្រង់ទ្រាយធំ និងមានលក្ខណៈកាន់ តែស្មុគ្រស្មាញខ្លាំងឡើង។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ការអនុវត្តវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបការចរាចរ ការជួញដូរខុស ច្បាប់ឆ្លងកាត់ព្រំដែន នូវគ្រឿងញៀន និងសារធាតុគីមីដែលអាចផ្សំជា គ្រឿងញៀន នៅមានការខ្វះចន្លោះ និងការគ្រប់គ្រងត្រួតពិនិត្យការប្រើ ប្រាស់សារធាតុគីមីផ្សំ ក្នុងប្រទេសនីមួយៗពុំទាន់បានគ្រប់ជ្រុងជ្រោយ និង មានប្រសិទ្ធភាព ៕

To Top